ស៊ីហ្គេម៖ អាជ្ញាកណ្ដាល-ចៅក្រមអន្តរជាតិកម្ពុជាចំនួន ១៥នាក់លើ ១១ប្រភេទកីឡាត្រូវបានសហព័ន្ធកីឡាអន្ដរជាតិ តាមប្រភេទកីឡានីមួយៗ ក៏ដូចជាម្ចាស់ផ្ទះវៀតណាមអញ្ជើញចូលរួមកាត់សេចក្ដី ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយនាខែឧសភាខាងមុខ។
នេះបើយោងតាមលិខិតឧទ្ទេសនាម ដែលចុះហត្ថលេខាដោយរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១៨ ខែមេសាថ្មីៗកន្លងទៅ។ អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិរបស់កម្ពុជាទាំង ១៥រូបដែលនឹងបំពេញបេសកកម្មក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នាពេលខាងមុខរួមមាន៖ កីឡាវ៉ូវីណាមមានអាជ្ញាកណ្ដាល ២រូបគឺលោក មេន វាសនា និងលោកស្រី ម៉ៅ ម៉ូនីតា។ កីឡាហែលទឹកមានអាជ្ញាកណ្ដាល ១រូបគឺលោក នាង រិទ្ធិយ៉ា។ កីឡាកាយសម្ព័ន្ធមានចៅក្រម ១រូបគឺលោក សោ សុផេង។ កីឡាតេក្វាន់ដូ WT មានអាជ្ញាកណ្ដាល ១រូបគឺលោក ឃឹម សត្ថា។ កីឡាគុនដាវមានអាជ្ញាកណ្ដាល ១រូបគឺលោក សាន់ សុខសីហា។ កីឡាករយូដូមានអាជ្ញាកណ្ដាល ១រូបគឺអ្នកស្រី ចាន់ ជៀន។ កីឡាចំបាប់មានអាជ្ញាកណ្ដាល ២រូបគឺលោក នុត សេរីរដ្ឋា និងលោក យឹង សុផាន់ណារ៉ា។ កីឡាការ៉ាតេមានអាជ្ញាកណ្ដាល ៣រូបគឺលោក ប៉ែន រតនា, លោក ថាំង វិបុល និងលោកស្រី ជា ថារី។ កីឡាបាល់ទះមានអាជ្ញាកណ្ដាល ១រូបគឺលោក ទែន ឡន។ កីឡាបាល់បោះមានអាជ្ញាកណ្ដាល ១រូបគឺកញ្ញា ឃួន ពិសី និងកីឡាកាយវប្បកម្មមានចៅក្រម ១រូបគឺលោក តឹក ប៊ុនវី ដែលជាប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា។