ភ្នំពេញ៖ ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើសកម្មភាពរួមគ្នា គាំទ្រការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្តនគរភ្នំ-ឈើកាច់បាភ្នំ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតនៅក្នុងឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ និងតំណាងរដ្ឋបាលខេត្តព្រៃវែង។
មតិរួមរបស់អន្តរក្រសួងបានគាំទ្រចំពោះការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ដែលជាទីតាំងដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃ នគរគោកធ្លក ឬនគរភ្នំ ដើមកំណើតទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕