(ឌីលី)៖ អតីតប្រធានាធិបតីទីម័រខាងកើត លោក ចេសេ រ៉ាម៉ូស-ហូតា (Jose Ramos-Horta) នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំចុងក្រោយ បន្ទាប់ពីលោកទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។
ក្រោយសន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់រួចរាល់ ទិន្នន័យពីគណៈកម្មការបោះឆ្នោតទីម័រខាងកើត ហៅកាត់ STAE បានបង្ហាញថា លោក Ramos-Horta ទទួលបានសំឡេងគាំទ្រ៦២ភាគរយ ក្នុងការបោះឆ្នោតជុំទី២ ដែលប្រព្រឹត្តទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលជាចំនួនដាច់ឆ្ងាយ ពីគូប្រជែងរបស់លោក ដែលជាប្រធានាធិបតីបច្ចុប្បន្នគឺលោក ហ្រ្វង់ស៉ីស្កូ ហ្គូតេរ៉េស (Franciso Guterres) ដែលមានសំឡេងគាំទ្រត្រឹម ៣៧ភាគរយ។
ក្នុងការប្រកាសជ័យជម្នះលោក Ramos-Horta បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំទទួលបានអំណាចនេះពីប្រជាជាតិ តាមរយៈការសម្តែងចេញយ៉ាងច្បាស់ នៃការប្តេជ្ញារបស់ប្រជាជន ចំពោះលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំនឹងព្យាយាមដើរផ្លូវគន្លងផ្លូវ នៃកិច្ចសន្ទនាដោយការអត់ធ្មត់និងឥតឈប់ឈរ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់បញ្ហានានាដែលប្រទេសនេះកំពុងប្រឈម»។
គួរបញ្ជាក់ថា អ្នកនយោបាយវ័យ៧២ឆ្នាំរូបនេះ ក៏ធ្លាប់កាន់តំណែងជាប្រធានាធិបតីទីម័រខាងកើត កាលពីចន្លោះឆ្នាំ២០០៧-២០១២ ម្តងរួចមកហើយផងដែរ ហើយពេលមុននោះ លោកក៏មានតួនាទីជានាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសថែមទៀតផង៕