ស៊ីហ្គេម៖ នៅសល់រយៈពេល ២១ថ្ងៃទៀតប៉ុណ្ណោះការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនឹងមកដល់ ខណៈកម្ពុជាបានត្រៀមជាបញ្ជូនប្រតិភូ និងអត្តពលិកសរុប ៥៥០នាក់លើកីឡា ៣៣ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ដែលពន្យារពេលមកពីចុងឆ្នាំ២០២១ នេះ។
ក្នុងចំណោមប្រតិភូ និងអត្តពលិកដែលកម្ពុជាត្រៀមបញ្ជូនចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាមនាខែឧសភាខាងមុខនេះគឺមានថ្នាក់ដឹកនាំ និងមន្ដ្រីកីឡា ៣៥នាក់នាក់, កីឡាករ-កីឡាការិនី ៣៦៣នាក់, គ្រូបង្វឹក និងគ្រូជំនួយ ៩៣នាក់, អាជ្ញាកណ្ដាល ១៦នាក់, ក្រុមគ្រូពេទ្យ ១៨នាក់ មន្ត្រីដឹកនាំក្រុម និងអគ្គលេខាធិការសហព័ន្ធ ២១នាក់រួមទាំងមន្ត្រី CADA ៤នាក់។ ចំពោះកីឡាទាំង ៣៣ប្រភេទរួមទាំងអត្តពលិកតាមប្រភេទកីឡានីមួយៗ ដែលកម្ពុជាត្រៀមចូលរួមគឺមាន៖
– ប្រភេទកីឡាចំណាត់ថ្នាក់ទី១៖ ១. កីឡាអត្តពលកម្ម ១៤នាក់, ២. កីឡាហែលទឹក ១៦នាក់។
– ប្រភេទកីឡាចំណាត់ថ្នាក់ទី២៖ ១. កីឡាកាយសម្ព័ន្ធ ៧នាក់, ២. បាញ់កាំភ្លើង ២នាក់, ៣. តេក្វាន់ដូ WT ១៤នាក់, ៤. ប្រណាំងទោចក្រយាន ៩នាក់, ៥. គុនដាវ ៨នាក់, ៦. យូដូ ១២នាក់, ៧. វូស៊ូ ៦នាក់, ៨. ចំបាប់ ១៦នាក់, ៩. ប្រដាល់សកល ៨នាក់, ១០. ការ៉ាតេ ១៩នាក់, ១១. កីឡារាំ ៨នាក់, ១២. ទ្រីយ៉ាត្លុង ៦នាក់, ១៣. ជឺជីតស៊ូ ២នាក់, ១៤. លើកទម្ងន់ ៦នាក់, ១៥. កានូ/កាយ៉ាក ១៦នាក់, ១៦. បាល់ទាត់ ៤០នាក់, ១៧. បាល់ទះ (លើក្ដារ ១៤នាក់, ឆ្នេរខ្សាច់ ៤នាក់), ១៨. បាល់បោះ (5×5) ៨នាក់ និង (3×3) ៨នាក់), ១៩. សីដក់ ២០នាក់, ២០. វាយកូនឃ្លីលើតុ ៧នាក់, ២១. វាយសី ៩នាក់, ២២. វាយកូនបាល់ ៩នាក់ និង ២៣. កីឡាវាយកូនគោល ៤នាក់។
– ប្រភេទកីឡាចំណាត់ថ្នាក់ទី៣៖ ១. កីឡាវ៉ូវីណាម ១៨នាក់, ២. ប្រដាល់គុនខ្មែរ ១០នាក់, ៣. ឃីកបុកស៊ីង ៩នាក់, ៤. ប៉េតង់ ១៩នាក់, ៥. កាយវប្បកម្ម ៣នាក់។
– ប្រភេទកីឡាក្រៅការប្រមូលផ្ដុំ៖ ១. កីឡាប៊ីយ៉ា ស្នូកឃ័រ ៤នាក់, ២. កីឡាអេឡិចត្រូនិក ៥នាក់ និង ៣. កីឡាអុកចិន ៣នាក់។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី១២-ឧសភា និងពិធីបិទការប្រកួតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ហើយម្ចាស់ផ្ទះវៀតណាមបានកំណត់កីឡា ៤០ប្រភេទស្មើនឹង ៥២៦វិញ្ញាសាដាក់ក្នុងការប្រកួតនេះ។ ប៉ុន្ដែមានប្រភេទកីឡាមួយចំនួនត្រូវចាប់ផ្ដើមការប្រកួតមុនពិធីបើក ដូចជាកីឡាបាល់ទាត់ជាដើមដែលត្រូវធ្វើការប្រកួតមុនតាំងពីថ្ងៃទី០៦ ខែឧសភាទៅម្ល៉េះ៕