ភ្នំពេញ៖ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានក្រើនរម្លឹក ប្រជាពលរដ្ឋ ដែលសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវរួសរាន់ធ្វើតេស្តរហ័ស ដើម្បីការពារការចម្លងជំងឺទៅក្រុមគ្រួសារ និងអ្នកជុំវិញ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមេសានេះ បានប្រាប់BTVឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល មិនទាន់អាចវាយតម្លៃពីស្ថានភាពជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីនោះទេ គឺរង់ចាំពីរសប្តាហ៍ទៀត។
ការមិនទាន់វាយតម្លៃបាននៅពេលនេះ គឺដោយសារប្រជាពលរដ្ឋ បើពួកគេឈឺតែមិនរាយការណ៍ ក៏មិនដឹងតែបើពួកគេធ្វើតេស្តទើបអាចដឹងបាន។
លោកជំទាវវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ បើសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវធ្វើតេស្ត រហ័សហើយនៅដោយឡែក ដើម្បីកុំឱ្យមានការចម្លងបន្តទៅក្រុមគ្រួសារ និងអ្នកដទៃ និងត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យ។ បើវិជ្ជមានមិនធ្ងន់ធ្ងរ ថែទាំព្យាបាលខ្លួនឯងនៅផ្ទះឱ្យបានត្រឹមត្រូវ។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បាន ដោយប្រើប្រាស់យុទ្ធ សាស្រ្តចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុពី៣ឆ្នាំឡើង។
សម្រាប់ពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង ចាប់ពីដូសទី១ ដល់៤ អាចទៅចាក់បាន នៅទីតាំងសុខាភិបាលសាធារណៈ ឫទីតាំងដែលរៀបចំ ដោយអាជ្ញាធរមូលដ្ឋាន។ នៅឆ្នាំ២០២២ កម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនពលរដ្ឋអាយុ ចាប់ពីបីឆ្នាំឡើង។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល៕