(វីយែន)៖ អធិការបតីអូទ្រីស លោក ខាល ណេហាំមឺ (Karl Nehammer) បានទទូចដល់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនឲ្យបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ហើយបានលើកពីបញ្ហាឧក្រិដ្ឋកម្មសង្រ្គាម កំលុងជំនួបមួយក្នុងទីក្រុងមូស្គូកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើយោងតាម ការដកស្រង់ផ្សាយពីសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអូទ្រីស ដែលចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំក្នុងទីក្រុងមូស្គូ បានបញ្ជាក់ដូច្នេះថា «សារចម្បងរបស់លោក អធិការបតីអូទ្រីស ទៅកាន់លោក ពូទីន ក្នុងកិច្ចពិភាក្សាដោយបើកចំហ និងតឹងតែងបំផុតនោះគឺ សង្រ្គាមត្រូវតែបញ្ចប់ពីព្រោះនៅក្នុងសង្រ្គាម ភាគីទាំងពីរសុទ្ធតែជាអ្នកចាញ់។ ចំណែកឯ អ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមក្នុងទីក្រុង ប៊ូចា និងទីតាំងផ្សេងទៀត នៃប្រទេសអ៊ុយក្រែន នឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន»។
បន្ថែមពីលើនេះ លោកក៏បានសង្កត់ធ្ងន់ផងដែរ អំពីតម្រូវការក្នុងការបើកច្រករបៀងមនុស្សធម៌ ដើម្បីឲ្យជនស៊ីវិល ដែលជាប់ក្នុងទីក្រុងដែលរងការ
វាយប្រហារ អាចទទួលបានការផ្គត់ផ្គង់ជាចាំបាច់ ដូចជាអាហារ និងទឹក ជាដើម។
គួរបញ្ជាក់ថា លោក Nehammer គឺជាមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបដំបូងគេ ដែលបានជួបលោក ពូទីន ចាប់តាំងពីរុស្ស៉ីប្រើកម្លាំង យោធាលើអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាការឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ មេដឹកនាំអូទ្រីសរូបនេះបានហៅដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងមូស្គូថាជា «កាព្វកិច្ចរបស់លោក ដើម្បីប្រឹងប្រែងបញ្ចប់អំពើហិង្សា ក្នុងប្រទេសអ៊ុយក្រែន»៕