ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តក្រើនរំលឹកដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេសទាំងអស់ ត្រូវបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។
ការក្រើនរំលឹកជាថ្មីម្តងទៀតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព ដោយពិធីផ្តល់ និងទទួលនេះក៏មានការ ចូលរួមពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេផងដែរនោះ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវការប្រកាន់ខ្ជាប់ចំនួន ៣ចំណុចដល់ប្រជាជនទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដោយក្នុងនោះរួមមានទី១៖ ត្រូវអនុវត្តនូវវិធានការណ៍ «៣ការពារ ៣កុំ» ប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ រក្សាគម្លាត សម្អាតនឹងទឹកអាកុលឱ្យបានត្រឹមត្រូវ ពិសេសត្រូវយកកាតវ៉ាក់សាំងដាក់តាមខ្លួន រាល់ពេលចេញដើរកម្សាន្ត ព្រោះមានកន្លែងខ្លះតម្រូវឱ្យភ្ញៀវបង្ហាញកាតចាក់វ៉ាក់សាំង ម្យ៉ាងទៀតក្រសួងសុខាភិបាលក៏មានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលចាក់វ៉ាក់សាំងនៅកន្លែងកម្សាន្តនោះតែម្ដងប្រសិនបើដល់វេនចាក់ដូសទី៣ (ដូសជំរុញ)។
ទី២៖ ត្រូវប្រកាន់នូវស្មារតីគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរធ្វើដំណើរ ដើម្បីឱ្យការធ្វើដំណើរឱ្យទៅដល់គោលដៅ និងត្រលប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព។ និង ទី៣៖ ត្រូវប្រកាន់ខ្ជាន់នូវការថែរក្សាអនាម័យជាប់ជានិច្ច ដើម្បីបង្ការការពារការឆ្លងជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ (អូមីក្រុង)នេះតែម្តង។
ខណៈបុណ្យចូលឆ្នាំថ្មីនៅសល់តែពីរថ្ងៃទៀតនឹងចូលមកដល់នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនពរ និងបានបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រសិទ្ធពរជ័យដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី រួមទាំងប្រជាជនកម្ពុជាទូទាំងប្រទេស សូមឱ្យមានសិរីសួស្តី ជ័យមង្គល និងវិបុលសុខមហាប្រសើរផងដែរ៕