(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានថ្លែងថា ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវអំណរគុណដល់សាធារណរដ្ឋឥណ្ឌា ដែលជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណដល់សាធារណរដ្ឋឥណ្ឌា
ដែលជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វត្តមានរបស់ឥណ្ឌា តាំងពីឆ្នាំ១៩៨១ ក្រោយការបិទបញ្ចប់របបខ្មែរក្រហម បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយ ស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈជំនួយមនុស្សធម៌, ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និងការផ្តល់កម្ចីហិរញ្ញប្បទានជាដើម ទាំងក្នុងក្រប-ខណ្ឌទ្វេរភាគី និង ពហុភាគី។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ជាលទ្ធផល, ទំនាក់ទំនងសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគរវាង កម្ពុជា-ឥណ្ឌា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើទោះបីជាមានការថមថយបន្តិចបន្តួច ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងបរិការណ៍ដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ និងជារួមដោយយើងបានគ្រប់គ្រង់ស្ថានការណ៍ នៃការឆ្លងរាលដាលបានយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សូមលើកទឹកចិត្ត ឲ្យមានការពង្រឹងចំណងមិត្តភាព, ការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹង ទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងសមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី ជាពិសេសរវាងកម្ពុជា-ឥណ្ឌា ពាក់ព័ន្ធពាណិជ្ជកម្ម, ការវិនិយោគ, បច្ចេកវិទ្យាព័ត៌មាន, ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។
ក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏សូមក្រើនរំលើកដល់ប្រជាជនកម្ពុជា ឲ្យបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ សូមទេវតាឆ្នាំថ្មីប្រសិទ្ធពរជ័យ ដល់ សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ឲ្យមានសិរិសួស្តី ជ័យមង្គល និងវិបុលសុខមហាប្រសើរ៕