(សៀងហៃ)៖ រដ្ឋាភិបាលក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃសៅរ៍នេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងសៀងហៃបានសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នជាង ១០០កន្លែង សម្រាប់ការសម្រាកព្យាបាលអ្នកជំងឺ COVID-19 ជាមួយនឹងគ្រែពេទ្យជាង ១៦០,០០០គ្រែ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។
លោក Zong Ming អភិបាលរងក្រុងសៀងហៃ បានបញ្ជាក់ថា ក៏មានមន្ទីរពេទ្យដែលបានកំណត់ចំនួន៨ ដែលមានគ្រែពេទ្យជាង ៨,០០០គ្រែនៅទីក្រុងសៀងហៃផងដែរ ហើយជាច្រើនទៀតនឹងចាប់ផ្តើមដំណើរការនៅចុងសប្តាហ៍នេះ។ ធនធាននឹងត្រូវបានផ្ទេរ និងបម្រុងទុកបន្ថែមទៀតនៅក្នុងមន្ទីរពេទ្យដែលបានកំណត់ និងមន្ទីរពេទ្យបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ទីក្រុងសៀងហៃ បានរាយការណ៍ករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០១៥នាក់ និងករណីឆ្លងគ្មានរោគសញ្ញចំនួន ២២,៦០៩នាក់ សម្រាប់ថ្ងៃសុក្រសប្តាហ៍។ ការធ្វើតេស្តទ្រង់ទ្រាយធំ កំពុងបន្តប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ នាថ្ងៃសៅរ៍នេះ ខណៈទីក្រុងដែលមានប្រជាជន២៦លាននាក់នេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមវិធានការបិទខ្ទប់៕