(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិន ដែលទើបតែងតាំងថ្មី និងសហការី ចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។
នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ មេបញ្ជាការ ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានលើកបង្ហាញពីចំណងទាក់ទងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរដែលមានជាយូរលង់ណាស់មកហើយ។
វរសេនីយ៍ឯកពិសេស បញ្ជាក់ថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា លោកនឹងខិតខំអស់ពីលទ្ធភាព ដើម្បីបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះវរសេនីយ៍ឯកពិសេស ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយតាមរយៈបេសកកម្មនេះកងទ័ពប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកចំណងទាក់ទងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតថែមទៀត ចំណងមិត្តភាពជាប្រពៃណី កម្ពុជា-ចិន ត្រូវបានពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបមិនអាចបំបែកបាន។
នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា លើការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកត្តាជោគជ័យនេះបានដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល, ការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត រួមនឹងអង្គការសុខភាពពិភពលោកផងដែរ។
លើកិច្ចសហការរវាងកងទ័ពប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នតែងបានឧបត្ថម្ភគាំទ្រធំធេងដល់កងរាជអាវុធហត្ថ ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស៕