បាត់ដំបង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃតទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ របស់យោធភូមិភាគទី៥ ខេត្តបាត់ដំបង។
លោកមេបញ្ជាការកងទ័ពជើងគោកសូមអបអរសាទរចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺន បំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច-កងអនុ សេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់នេះ ដែលបានដំណើរការអស់រយៈពេលជាច្រើនខែមក។
វគ្គហ្វឹក ហ្វឺនទាំងនេះ ពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការ ផ្ទាល់របស់យោធភូមិភាគទី៥ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តភារកិច្ចលើការងារធានាឱ្យការត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ និងភារកិច្ចផ្សេងៗទៀតរបស់កងឯកភាព ដូចជាប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ជាដើម និងសូមកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់រៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។
ជោគជ័យនេះ កើតចេញពីការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដែលនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំង អស់នឹងប្រើប្រាស់ជំនាញ ចំណេះ ដឹង និង បទពិសោធន៍ទទួលបានពីវគ្គ ហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្ត បំពេញរាល់ ភារកិច្ច នៅតាម បណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាសម្រាប់កសាង និងអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បី ទទួល រ៉ាប់រង រា ល់ភារកិច្ចរបស់ អង្គភាព នាពេលចំពោះមុខ និងតទៅអនាគត។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះគណៈកម្មការហ្វឹកហ្វឺនបំប៉នជំនាញ, ក្រុមការងារ កសាង ឯកសារភស្តុភារ និងក្រុមគ្រូឧទ្ទេស, គណៈគ្រប់គ្រងវគ្គ និងយោធភូមិ ភាគទី៥ ព្រមទាំងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បង្កលក្ខណៈ និងរៀបចំដំណើរ ការវគ្គហ្វឹកហ្វឺន ទាំងនេះប្រកប ដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ និងបានសហការយ៉ាងល្អ រហូតសម្រេច បានលទ្ធផលការងារតាមផែនការកំណត់ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ។
លោកបញ្ជាក់ថា ចំពោះមុខនេះភារកិច្ចរបស់កងទ័ពក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ក៏កាន់តែឈានមកដល់ដំណាក់ កាលកាន់តែស្រួចស្រាល់ក្នុងឆ្នាំ២០២២នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញដោយភារកិច្ចយ៉ាងមមាញឹក ពីព្រោះទន្ទឹមនឹងការណ៍ដែលកម្ពុជាត្រូវបំពេញភារកិច្ចក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ គឺកម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ជាមួយនឹងការធានាថា ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋានដ៏សំខាន់មួយនេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព និងស្ថិរភាព ដូចដែលបានដំណើរការយ៉ាងទៀងទាត់រួចមកហើយ រាប់ចាត់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ មក។ ដូច្នេះ សូមបន្ត ប្រុង ប្រៀប ត្រៀម លក្ខណៈធានា អនុវត្ត យ៉ាង ម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ៕