កណ្តាល៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅទ័ព (កម្ពស់ ២ជាន់ ចំនួន២ខ្នង) អគារផ្ទះបាយ អគារបន្ទប់ទឹក និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអគារទីបញ្ជាការ អំណោយរបស់យោធាខេត្តប៊ិញយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលជាច្រើនរបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយសមិទ្ធផលថ្មីទាំងនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដោយជួយសម្រួលការងារប្រចាំថ្ងៃរបស់អង្គភាពបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។
លោកសូមគោរពថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាល សម្តេច តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារៈបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ព តាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម។
លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនតំបន់ប្រតិបត្តិការសឹករងកណ្តាលទាំងអស់ ដែលបានខិតខំពុះពារបំពេញភារកិច្ច រហូតសម្រេចបាននូវស្នាដៃ និងគុណបំណាច់ជាច្រើនទាំងលើការបំពេញភារកិច្ចស្នូល, ការកសាងអង្គភាព, ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ, ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ សំដៅធានាលើកកម្ពស់ជីវភាពយោធិន គ្រួសារយោធិន ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីមិត្ត។ ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ អង្គភាពក៏បានខិតខំយកចិត្តទុកដាក់ការពារសុខភាពរបស់យោធិន និងគ្រួសារយោធិន តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ “៣កុំ ៣ការពារ” រួមជាមួយនឹងវិធានការសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗ ហើយក៏បានទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញបាន ១០០%។ មួយវិញទៀត អង្គភាពក៏បានសកម្មចូលរួមសហការបំពេញភារកិច្ចផ្សេងៗទៀតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕