បាល់ទាត់៖ អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកបានទិញសំបុត្រ ចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតាជាង ៨០ម៉ឺនសន្លឹកហើយតាមប្រព័ន្ធអនឡាញ នេះបើតាមការបញ្ជាក់របស់ FIFA។ សំបុត្រទស្សនា ៨០៤,១៨៦សន្លឹកត្រូវបានលក់ចេញក្នុងដំណាក់កាលទី១។
FIFA បានបញ្ជាក់ទៀតថា ភាគច្រើនសំបុត្រដែលលក់ដាច់គឺដោយអ្នកគាំទ្រនៅកាតា អាមេរិក អង់គ្លេស ម៉ិកស៊ិក អារ៉ាប់រួម អាល្លឺម៉ង់ ឥណ្ឌា ប្រេស៊ីល អាហ្សង់ទីន និងអារ៉ាប៊ីសាអ៊ូឌីត។ សំបុត្រសំរាប់ពិធីបើកនៅថ្ងៃទី២១ ខែវិច្ឆិកាជាការប្រកួតរបស់ក្រុមម្ចាស់ផ្ទះកាតា និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូគឺជាជំរើសដែលលក់បានច្រើនបំផុត។ FIFA បានបញ្ជាក់បន្ថែមថា អ្នកគាំទ្រដែលទិញមិនទាន់ក្នុងដំណាក់កាលដំបូង នឹងមានឱកាសទិញនៅដំណាក់កាលទី២ ដែលនឹងបើកលក់នៅថ្ងៃទី៥ ខែមេសាខាងមុខនេះ៕