អឺរ៉ុប៖ សារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ចេញពីប្រភព និងឯកសារជាច្រើនថា សម្ព័ន្ធមិត្តអង្គការណាតូបានប្រកែកគ្នាខ្លាំងៗអំពីការបង្កើនការផ្ដល់ជំនួយយោធា របស់ប្លុកដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះដែលគួរតែផ្ដល់ឲ្យអ៊ុយក្រែន និងការរំពឹងទុកនៃជំនួបចរចាជាមួយប្រទេសរុស្ស៊ី។
សមាជិកមួយចំនួនត្រូវបានគេនិយាយថា ប្រកាន់ខ្ជាប់អំពីបំណងចង់បញ្ចៀសសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី ហើយថែមទាំងបានស្នើថា លោកប្រធានាធិបតី Vladimir Putin អាចនឹងដាក់ពង្រាយអាវុធប្រល័យលោក ឬនុយក្លេអ៊ែរ ប្រសិនបើបណ្ដាប្រទេសលោកខាងលិចទាំងនោះផ្ដល់អាវុធ ឲ្យទៅប្រទេសអ៊ុយក្រែនច្រើនហួសប្រមាណនោះ។ មន្ត្រីបារាំងមួយរូបត្រូវគេដកស្រង់សម្ដីដោយនិយាយថា ការបញ្ជូនរថក្រោះ និងយន្តហោះចម្បាំងទៅអ៊ុយក្រែនអាចក្លាយជាការយកប្រេងចាក់លើភ្លើងទៅវិញទេ។
ឯកសារមួយច្បាប់ត្រូវបានពិពណ៌នាដោយសារព័ត៌មាន Bloomberg ដោយបញ្ជាក់ថា ប្រទេសលោកខាងលិចមួយចំនួនឈរលើទស្សនៈថា ការដឹកជញ្ជូនអាវុធទៅកាន់រដ្ឋធានីគីវគួរត្រូវកំណត់ ដោយសារតែការព្រួយបារម្ភថា ហេតុការណ៍នានាអាចដុតបញ្ឆេះជម្លោះឲ្យរីកកាន់តែធំគ្រប់គ្រងលែងបាន។ របាយការណ៍ដដែលនេះនិយាយថា ផ្ទុយទៅវិញ ក្រុមមេដឹកនាំមកពីចក្រភពអង់គ្លេស រដ្ឋតំបន់បាល់ទិក និងភាគច្រើននៅបណ្ដាប្រទេសអឺរ៉ុបខាងកើត បានអំពាវនាវឲ្យសម្ព័ន្ធមិត្តបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន រួមទាំងអាវុធដែលមានសមត្ថភាពកម្ទេចយន្តហោះចម្បាំង៕