(ភ្នំពេញ)៖ អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ព្រមទាំងការបំពាក់បរិក្ខារព្យាបាលទំនើបៗនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង តម្លៃប្រមាណ ៨លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២នេះ។ អគារព្យាបាលថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកជាសមិទ្ធផលថ្មីមួយៗទៀត កើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលសម្តេចផ្ទាល់បានប្រឹងប្រែងជម្នះបង្កើតឡើងកាលពី២៥ឆ្នាំមុន។
អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានកម្ពស់ប្រាំជាន់បំពាក់ដោយឧបករណ៍ទំនើបសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ ត្រូវបានសាងសង់នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជួយកែលម្អសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យនេះ។ អគារជំងឺត្រចៀក ច្រមុះ បំពង់ក ថ្មីនេះមានទំហំសរុបជាង ៤ពាន់ម៉ែត្រការ៉េ មានគ្រែសរុបចំនួន ១២៨គ្រែ រួមមាន៖ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ បន្ទប់វះកាត់ បន្ទប់ក្រោយវះកាត់ និងបន្ទប់សង្គ្រោះបន្ទាន់។ ក្រៅពីការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈការផ្តល់នូវកម្មវិធីបណ្តុះបណ្តាលក្នុងសេវាកម្ម និងការផ្ទេរចំណេះដឹងកម្រិតខ្ពស់ និងការចែករំលែកបទពិសោធន៍ពីវេជ្ជបណ្ឌិតកូរ៉េផងដែរ។
ក្រៅតែពីអគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពងក កាលពីឆ្នាំ២០១៥ អគារចក្ខុរោគ ដែលសាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងផងដែរ។ អគារចក្ខុរោគ ត្រូវបានចំណាយទឹកប្រាក់ចំនួន ៥.៥លានដុល្លារសហរដ្ឋអាមេរិក។ អគារនេះមាន ៧៥បន្ទប់ រួមទាំងបន្ទប់ពិនិត្យអ្នកជំងឺក្រៅ បន្ទប់អ្នកជំងឺសម្រាកពេទ្យ និងបន្ទប់វះកាត់។
អគារចក្ខុរោគ បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនៃការស្រាវជ្រាវជំងឺភ្នែក និងសេវាវេជ្ជសាស្រ្ត ហើយរួមចំណែកដល់អត្រានៃការបង្ការពិការភ្នែក និងការកែលម្អសេវាថែទាំភ្នែកទូទៅក្នុងប្រទេសកម្ពុជា។ មុនពេលសាងសង់អគារចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ មន្ទីរពេទ្យព្រះអង្គឌួងមានសមត្ថភាពទទួលអ្នកជំងឺប្រមាណតែ ៣០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ បន្ទាប់ពីការសាងសង់អគារនេះ គិតត្រឹមឆ្នាំ២០២១ មន្ទីរពេទ្យមានសមត្ថភាពទទួលអ្នកជំងឺបានចន្លោះ ១,០០០នាក់ រហូតដល់មួយ១,៥០០នាក់ក្នុងមួយថ្ងៃ។
មន្ទីរពេទ្យព្រះអង្គឌួង បានក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១២។ មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យពហុព្យាបាល ផ្តល់សេវាព្យាបាលភ្នែក ត្រចៀក ច្រមុះបំពង់ក មាត់ធ្មេញ សើស្បែក កែសម្ផស្ស និងស្តារលទ្ធភាពពលកម្ម សម្ភព រោគស្ត្រី ក្រពះ ពោះវៀន ថ្លើម វះកាត់ទូទៅ និងជំងឺទឹកនោមផ្អែម។
វត្តមានអគារព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក ដែលបានបំពាក់ដោយសម្ភារៈទំនើបៗសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ នឹងធ្វើឱ្យការផ្តល់សេវាព្យាបាលជូនអ្នកជំងឺកាន់តែល្អប្រសើរ នឹងក្លាយជាផ្នែកសំខាន់មួយទៀតក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវសេចក្តីរីករាយ និងត្រេកអរជាខ្លាំងជាមួយប្រជាពលរដ្ឋកម្ពុជា ចំពោះការទទួលបានសមិទ្ធផល ដែលផ្តល់នូវសេវាព្យាបាលត្រចៀក ច្រមុះ និងបំពង់កកាន់តែប្រសើរ។ សម្តេចតេជោ បានបង្ហាញក្តីរំពឹងថា អគារព្យាបាលថ្មីនេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការព្យាបាលប្រជាពលរដ្ឋមានជំងឺត្រចៀក ច្រមុះ និងបំពង់ក។
ជាមួយការសម្ពោធដាក់ឱ្យដំណើរការអគារព្យាបាលដែលជួយសាងសង់ដោយរដ្ឋាភិបាល និងប្រជាជនកូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលត្រូវបានតភ្ជាប់ឡើងវិញក្នុងរយៈពេលប្រមាណ២៥មកនេះ។ សម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលអគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ករ ក៏ដូចជាសមិទ្ធផលដទៃទៀត ដែលសាធារណរដ្ឋកូរ៉េផ្តល់ការគាំទ្រផ្នែកថវិកានោះ បានកើតចេញពីចំណងទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងនឹងគ្នានៅអំឡុងឆ្នាំ១៩៧០ ហើយបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៧៥។ រហូតដល់ឆ្នាំ១៩៩៧ ទើបទំនាក់ទំនងនេះត្រូវតភ្ជាប់ឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការស្វះស្វែងរកការតភ្ជាប់នូវទំនាក់ទំនងនេះ ដោយជម្នះនូវការលំបាកនានា ត្បិតថាពេលនោះ កម្ពុជា កំពុងមានទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើង ជាគូរជម្លោះនឹងកូរ៉េខាងត្បូង។
ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីជាលទ្ធផលផ្លែផ្កាកើតចេញពីទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវមោទនភាពជាខ្លាំងលើកិច្ចប្រឹងប្រែងក្នុងការបង្កើតនូវទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំពិតជាមានមោទនភាព ដែលបានរួមចំណែកជាមួយសាធារណរដ្ឋកូរ៉េក្នុងដំណើរ២៥ឆ្នាំ នៃទំនាក់ទំនងការទូតឡើងវិញ ដែលនាំទៅដល់ការអនុវត្តគម្រោងជាច្រើន រួមទាំងគម្រោងបន្តដែលមានរហូតដល់ទៅ៨១គម្រោង ដែលមានក្នុងវិស័យសុខាភិបាល អប់រំ ដឹកជញ្ជូន វប្បធម៌ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ នោះហើយដែលហៅថា ផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ។ ក្នុងឋានៈជាអ្នកនាំមុខ និងជាស្ថាបនិកនៃទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ខ្ញុំពិតជាមានមោទនភាព ដោយសារយើងបានចាប់ជ្រើសរើសយកនយោបាយការទូតរបស់យើងបានត្រឹមត្រូវ ហើយយើងបានថែរក្សានូវទំនាក់ទំនងនេះ រហូតមកដល់ពេលនេះ»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា «មិនមែនត្រឹមបញ្ហាជំនួយ ឬក៏កម្ចីនោះទេ ក៏ប៉ុន្តែវាពាក់ព័ន្ធគ្រប់វិស័យទាំងអស់ ទាំងនយោបាយ ការទូត សេដ្ឋកិច្ច សង្គម វប្បធម៌ ដែលយើងត្រូវធ្វើគ្រប់ប្រទេសទាំងអស់ ដោយគ្មានការរើសអើងរបបនយោបាយ។ ខ្ញុំសប្បាយរីករាយ ដោយសារអ្វីដែលយើងបាននិងកំពុងមាននៅទីនេះ វាបានបម្រើប្រយោជន៍ផ្ទាល់សម្រាប់ប្រជាជនរបស់យើង»។
លោក ផាក ហ៉ឹង ក្យុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានលើកឡើងថា បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧ ដោយសារតែតួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិតជាបាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងទ្វេភាគី។ ចំណងមិត្តភាពត្រូវបានពង្រឹងយ៉ាងស៊ីជម្រៅលើគ្រប់វិស័យ រួមទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការការអភិវឌ្ឍន៍និង វប្បធម៌។
លោកឯកអគ្គរដ្ឋទូត បានឱ្យដឹងថា តាមរយៈទំនាក់ទំនងនេះ ប្រទេសកូរ៉េបានចាប់ផ្តើមដោយការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសកម្ពុជាក្នុងកម្រិតតូចមួយនៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសដៃគូរ ក្នុងជំនួយអភិវឌ្ឍន៏ផ្លូវការ (ODA) ដ៏សំខាន់មួយរបស់ប្រទេសកូរ៉េ ដែលជាប់ចំណាត់ថ្នាក់លេខមួយ ជាប្រទេសដែលទទួលជំនួយច្រើនជាងគេពីសាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់សរុបប្រមាណជា ១៥០លានដុល្លារក្នុងឆ្នាំនេះ។ ជាក់ស្ថែង ភាពជាដៃគូជំនួយអភិវឌ្ឍន៏ផ្លូវការ ODA របស់យើងបានពង្រីកដល់ទៅ ៨១គម្រោងដែលមានក្នុងវិស័យនានាដូចជា សុខាភិបាល អប់រំ ការដឹកជញ្ជូន វប្បធម៌ និង បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។
តាមរយៈជំនួយនេះ ប្រទេសកូរ៉េ បាននិងកំពុងផ្តល់ជំនួយដល់ក្រសួងសុខាភិបាល សម្រាប់ការសាងសង់មជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង អគារនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ និងអគារនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ក្នុងចំណោមគំនិតផ្តួចផ្តើមដ៏មានតម្លៃដែលយើងបានធ្វើនាពេលថ្មីៗនេះ គឺការបើកការដ្ឋានសាងសង់អគារគាំពារមាតា និងទារកក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
លោកឯកអគ្គរដ្ឋទូត បានប្រកាសបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកូរ៉េ ចំពោះការរួមចំណែកក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមទៀតថា នៅលើមាគ៌ាឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ និងវិបុលភាពសម្រាប់ប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េ នឹងបន្តនៅជាមួយនឹងព្រះរាជាណាចក្រកម្ពុជា និងជាមួយប្រជាជនកម្ពុជា៕