(ល្វីវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវជាថ្មីឱ្យបណ្ដាប្រទេសលោកខាងលិចផ្ដល់អាវុធបន្ថែម និងបាន ចោទសួរថាតើពួកគេពិតជាខ្លាចរុស្ស៊ី មែនឬ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។
ប្រទេសជាច្រើនបានសន្យាផ្ដល់អាវុធឱ្យអ៊ុយក្រែន ក្នុងនោះរួមមានមីស៊ីលប្រឆាំងរថក្រោះ និងយន្ដហោះចម្បាំង រួមទាំងអាវុធធុនតូចជាច្រើន ផ្សេងទៀត។ ប៉ុន្តែ លោក ហ្សេលេនស្គី អះអាងថាពេលនេះអ្វីដែលអ៊ុយក្រែនត្រូវការបំផុតនោះ គឺយន្ដហោះចម្បាំង រថក្រោះ និងមីស៊ីលប្រឆាំង នាវាចម្បាំង។
ថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូមួយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ដូច្នេះថា «អ៊ុយក្រែនត្រូវការតែ ១ភាគរយប៉ុណ្ណោះនៃយន្ដហោះចម្បាំងរបស់ NATO និង ១ភាគរយនៃរថក្រោះ ហើយយើងនឹងមិនសុំអ្វីបន្ថែមទៀតនោះទេ។ ប៉ុន្តែ យើងបានរង់ចាំអស់ ៣១ថ្ងៃទៅហើយ។ តើនរណាជាអ្នកទទួលបន្ទុកសហគមន៍អឺរ៉ុប-អាត្លង់ទិក? តើជាទីក្រុងមូស្គូមែនឬ ឬក៏ដោយសារការបំភិត បំភ័យ?»។
គួរបញ្ជាក់ថា កាលពីដើមខែមីនាកន្លងទៅនេះ, សហរដ្ឋអាមេរិកបានបង្កភាពភ្ញាក់ផ្អើលដោយបានច្រានចោលការស្នើសុំរបស់ប៉ូឡូញ ក្នុងការបញ្ជូន យន្ដហោះចម្បាំង MiG-29 ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ជូនបន្តទៅឱ្យអ៊ុយក្រែន។ ពីព្រោះអាមេរិកបារម្ភថាការបញ្ជូនយន្ដហោះចម្បាំង ឬការបង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងបង្កឱ្យមានជម្លោះ ឬសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី៕