ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត ៦០០ គីឡូក្រាម តាមផ្លូវសមុទ្រ ចេញទៅប្រទេសទី៣ ។
ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន ដែល BTV ទទួលបាន នាព្រឹកថ្ងៃទី២៦ ខែមីនា បញ្ជាក់ថា កាលពីថ្ងៃទី ២១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ២០ និង៥០នាទី សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមការស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនដឹកជញ្ជូនសារធាតុញៀនឆ្លងដែន បម្រុងនាំចេញតាមផ្លូវសមុទ្រទៅប្រទេសទី៣ នៅ ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ។
ទី១៖ នៅចំណុចបន្ទប់ជួលលេខ 69Z សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទី២៖ នៅចំណុចកាំកូស៊ីធី អគារA106 បន្ទប់ 305 ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ទី៣៖ ខុនដូរ អិល បឹងទំពុន បន្ទប់D3-18 របស់ឈ្មោះ ZHAING TONG SIAN ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន ទី៤៖ នៅចំណុច (ល្វែងទី៤ និងទី៥) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១-ឈ្មោះ ZHANG TONG SIAN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)ឆ្នាំកំណើត ១៩៦៧ ។ ២-ឈ្មោះ JIANG MING DA ហៅ ZHOUG JI QI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)កើត ១៩៧៣ ។ ៣-ឈ្មោះ WANG LU LI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)កើត ១៩៨១ ។
ចាប់យកវត្ថុតាង៖ កេតាមីន (Ketamine) ទម្ងន់ ៥១០គីឡូក្រាម ២៥៦ ក្រាម , មេតំហ្វតាមីន (ICE) ទម្ងន់ ១ គ.ក្រ ៩៥៨ ក្រាម , អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៥១គីឡូក្រាម ៦៥៩.៦០ ក្រាម , នីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ២០គីឡូក្រាម ៧៩០ ក្រាម , FUB-AMB (Cannabinoid)(NPS) ទម្ងន់ ១១គីឡូក្រាម ៧៥៤ ក្រាម , សារធាតុញៀនសរុប ទម្ងន់ ៥៩៦គីឡូក្រាម ៤១៧,៦០ក្រាម
, សារធាតុគីមីផ្សំទម្ងន់ ២៣៥ ក្រាម , សារធាតុមិនច្បាស់ទម្ងន់ ៦គីឡូក្រាម ៦៨៨ក្រាម ។ជនសង្ស័យ និងវត្ថុតាងទាំងអស់សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕