(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក លីន បៃហ្វេង ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងស្វែងរកកិច្ចសហប្រតិបត្តិការមួយចំនួន។
សូមបញ្ជាក់ថា ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា និងអេឡិចត្រូនិក ដ៏ល្បាញល្បីមួយរបស់ចិន។ ក្រៅតែពីកំពុងប្រតិបត្តិការចែកចាយផលិតផលនៅលើពិភពលោកហើយនោះ ក្រុមហ៊ុនក៏កំពុងប្រតិបត្តិការចែកចាយផលិតផលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយក៏ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ផងដែរ។
ក្នុងប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុនបានផ្តល់ការងារដល់ពលរដ្ឋជាង ៤០០នាក់ ហើយ ៨០ភាគរយ គឺជាជនជាតិខ្មែរ។
ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិកត្រូនិកដ៏ល្បាញល្បីរបស់ចិនមួយនេះ មានប្រវត្តិលើទឹកដីកម្ពុជានៅឆ្នាំ១៩៩៩ ហើយនៅឆ្នាំ ២០០៤ សម្តេចតេជោ បានអញ្ជើញទៅទស្សនកិច្ចក្រុមហ៊ុននៅប្រទេសចិនផងដែរ។
ក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសលើចំណេះដឹង និងការងារបច្ចេកវិទ្យាដែលជួយពង្រឹងដល់សន្តិសុខសង្គម។ ចំពោះការងារសង្គម ក្រុមហ៊ុនបានជួយកាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំផងដែរ៕