(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចាកចេញពីកម្ពុជាហើយ ដើម្បីទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជា ប្រេសិតពិសេសប្រធានអាស៊ាន។
ទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំប្រទេសនេះ គឺលោក មីន អោងឡាំង បានយល់ព្រមឱ្យមានការសម្របសម្រួលមួយចំនួន។
អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន, លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងមន្រ្ដីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទំាងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន និង AHA Centre ផងដែរ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់ ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រ និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។
ក្រសួងអះអាងថា ដំណើរទស្សនកិច្ចនេះ នឹងផ្អែកលើឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន, លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២, លទ្ធផលនៃកិច្ចពិភាក្សារវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង និងលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននាពេលថ្មីៗនេះ៕