អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទទួលស្គាល់ថា បំណងរបស់ប្រទេសអ៊ុយក្រែនសម្រាប់ការចូលជាសមាជិកអង្គការណាតូមិនប្រាកដប្រជានោះទេ ដោយនិយាយថា ប្រទេសរបស់លោកត្រូវពឹងផ្អែកលើខ្លួនឯង និងជំនួយរបស់ដៃគូ។
លោកបានអំពាវនាវដល់មេដឹកនាំអឺរ៉ុបខាងជើងសុំអាវុធបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងការវាយលុករបស់រុស្ស៊ីមកលើប្រទេសរបស់លោក។ លោក Zelenskyy និយាយទៅកាន់មេដឹកនាំកងកម្លាំងបរទេសចម្រុះ (JEF) តាមរយៈបណ្ដាញវីដេអូថា យោធាអ៊ុយក្រែនកំពុងប្រើប្រាស់អាវុធកើនឡើងឆាប់រហ័ស និងយុទ្ធោបករណ៍ផ្សេងទៀតដែលប្រទេសលោកខាងលិចបានបញ្ជូនមកប្រទេសរបស់លោក។ លោក Zelenskyy បាននិយាយលើកឡើងសាជាថ្មីចំពោះការខកចិត្តរបស់លោកជាមួយអង្គការណាតូ ជុំវិញការបដិសេធរបស់អង្គការនេះក្នុងការអនុវត្តន៍តំបន់គ្មានការហោះហើរលើប្រទេសអ៊ុយក្រែន ខណៈលោកបានថ្លែងនៅក្នុងកិច្ចប្រជុំមេដឹកនាំ កងកម្លាំងបរទេសចម្រុះក្នុងទីក្រុងឡុងដ៏។
កងកម្លាំងបរទេសចម្រុះដឹកនាំដោយចក្រភពអង់គ្លេស គឺជាក្រុមមួយនៃបណ្ដាប្រទេសអាត្លង់ទិកខាងជើងចំនួន ១០ ប្រទេសត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបរហ័សទៅនឹងវិបត្តិអន្តរជាតិ។ ក្រុមនេះរួមមានទាំងសមាជិកអង្គការណាតូ ដូចជាអង់គ្លេស និងរដ្ឋតំបន់បាល់ទិក ព្រមទាំងប្រទេសមិនមែនអង្គការណាតូដូចជាស៊ុយអែត និងហ្វាំងឡង់៕