ភ្នំពេញ៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី។
សិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីមន្ត្រីមកពីបណ្តាអន្តរក្រសួង ស្ថានទូត ស្ថាប័នជាតិ-អន្តរជាតិ និងវិស័យឯកជនដែលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ អនឡាញ។
គោលបំណងសំខាន់របស់សិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយពីបញ្ហាប្រឈម យន្តការនៃការប្តេជ្ញាចិត្ត និងទិដ្ឋភាពបច្ចេកទេសផ្សេងៗទៀតក្រោមកិច្ចព្រមព្រៀង អមដោយកិច្ចពិភាក្សាស៊ីជម្រៅដោយវាគ្មិនជាមន្ត្រីជំនាញជាតិ និងអ្នកស្រាវជ្រាវអន្តរជាតិ អំពីទំនាក់ទំនងរវាងកិច្ចព្រមព្រៀងនេះ និងនិម្មាបនកម្មផ្នែកពាណិជ្ជកម្មកម្រិតតំបន់-សកល៕