(សៀមរាប)៖ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលបង្កហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធប្រាសាទបន្ទាយក្តី។
ការងារនេះគឺធ្វើឡើងដើម្បីធានាសុវត្តិភាពអ្នកដំណើរដែលឆ្លងកាត់ទីនោះ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងជួយសម្រាលតួដើម បង្ការកុំឲ្យដួលរលំប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាប្រាសាទនេះ ព្រមទាំងឲ្យមានសោភ័ណភាពស្រស់ស្អាតផង។
ដើមឈើដែលបាន និងកំពុងកាត់ក្រីមានចំនួន១៧ដើមរួមមាន ឈើទាល៦ដើម ចំបក់៣ដើម ខ្ចាស់២ដើមត្រាង១ដើម ស្រឡៅ៣ដើម ស្វាយព្រៃ១ដើម និងត្រាច១ដើម ត្រូវបានកាត់ក្រីមែករស់ និងមែកងាប់ចំនួន៤២មែកចេញ។
ចំណែកឯដើមឈើដែលកំពុងដកហូតមានចំនួន១៦ដើមរួមមាន ក្រឡាញ់៣ដើម ដកព២ដើម ឈើទាល២ដើម ស្រឡៅ១ដើម ជ្រឹង១ដើម សង្កែ១ដើម ត្រាង១ដើម ចាន់១ដើម ពង្រ១ដើម ខ្ចាស់១ដើម អង្កាញ់១ដើម និងត្រយឹង១ដើម ដែលស្ថានភាពដើមឈើទាំងនេះដុះទ្រេតនៅលើផ្លូវក្បែរខ្លោងទ្វារខាងកើត លើកំពែង និងជាប់ខឿនប្រាសាទ មានមែកសាខាច្រើនងាយនឹងបាក់ដួលរលំ មានប្រព័ន្ធឬសចាក់ចូលក្នុងរចនាសម្ព័ន្ធប្រាសាទផង៕