(ហុងកុង)៖ ទូរទស្សន៍ហុងកុងបានចេញផ្សាយនៅមុននេះបន្តិចថា សភាប្រជាជនចិនបានអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីប្រើប្រាស់លើទីក្រុងសេដ្ឋកិច្ចកំពូលមួយនេះហើយ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ចំពោះមុខការព្រមានរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ទូរទស្សន៍ហុងកុង (Cable TV) ខាងលើនេះ បានបញ្ចេញព័ត៌មានអំពីការអនុម័តច្បាប់ ក្រោយទទួលបានប្រភពមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណ។ ទូរទស្សន៍នេះថែមទាំងបានចេញផ្សាយទៀតថា ច្បាប់ខាងលើនេះត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនប្រជាជនចិនទៀតផង។
គួរបញ្ជាក់ថា ចិនបានបង្កើតច្បាប់ខាងលើនេះ ដោយស្ថិតនៅក្នុងគោលដៅដោះស្រាយបញ្ហាជុំវិញអំពើហិង្សា និងតវ៉ានៅក្នុងទីក្រុងហុងកុង ដែលត្រូវបានអូសបន្លាយចាប់តាំងពីឆ្នាំ២០១៩។ ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំងការធ្វើវិទ្ធង្សនា, អំពើភេរវកម្ម, ការបំបែកខ្លួន និងការគប់គិតជាមួយបរទេសជាដើម។ ទោះបីជាអាមេរិកបានចាត់វិធានការមួយចំនួន ដូចជាការរឹតត្បិតទិដ្ឋាការលើមន្ត្រីចិន និងដកឋានៈពិសេសរបស់ហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ស្របតាមច្បាប់របស់អាមេរិករួចទៅហើយក្តី ក៏ប្រទេសចិនមិនបានបង្ហាញសញ្ញាថា នឹងដកថយវិញនោះដែរ៕