បាល់ទាត់៖ យ៉ាងហោចណាស់មានមនុស្ស ២២នាក់របួសក្នុងហេតុការណ៍ជម្លោះរវាងអ្នកគាំទ្រ និងអ្នកគាំទ្រអំឡុងការប្រកួតបាល់ទាត់លីគកំពូលម៉ិកស៊ិកកាលពីចុងសប្តាហ៍កន្លងទៅ។ ការប្រកួតក្របខណ្ឌ Liga MX រវាង Queretaro និង Atlas ត្រូវបានផ្អាកត្រឹមនាទីទី៦៣ នៅពេលអ្នកគាំទ្រក្រុមទាំង២ ផ្ទុះកំហឹងឈានដល់អំពើហិង្សាមកដល់លើទីលាននៃកីឡដ្ឋាន La Corregidora។
កីឡាករមួយចំនួនក៏បានព្យាយាមរំងាប់អារម្មណ៍អ្នកគាំទ្រដែរ មុនពេលដែលកីឡាករទាំងអស់ត្រូវបានបញ្ជូនចូលក្នុង ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ។ នគរបាលក្នុងតំបន់បានឱ្យដឹងថា ក្នុងចំណោម ២២នាក់របួសនោះមាន ២នាក់របួសធ្ងន់ និង ៩នាក់បញ្ជូនទៅមន្ទីរពេទ្យ។ ក្រុមភ្ញៀវ Atlas នាំមុខ ១-០ នៅពេលដែលការប្រកួតត្រូវបានផ្អាកនោះ។ ប្រធានលីគកំពូលម៉ិកស៊ិក Liga MX លោក Mikel Arriola បានសម្រេចផ្អាករាល់ការប្រកួតទាំងអស់ថ្ងៃអាទិត្យម្សិលមិញ ហើយបន្ថែមថា គណៈគ្រប់គ្រងកីឡដ្ឋានក្រុមម្ចាស់ផ្ទះនឹងត្រូវទទួលការពិន័យ តាមរយៈភាពចន្លោះប្រហោងផ្នែកសន្តិសុខនេះ៕