(ត្បូងឃ្មុំ)៖ សម្តេចេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងប្រកាសមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើជាទាហានស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅប្រទេសអ៊ុយក្រែនជាមួយកងទ័ពរុស្ស៊ី ដូចប្រទេសមួយចំនួននោះឡើយ។
សម្តេចតេជោចាត់ទុកថា គាំទ្រឲ្យពលរដ្ឋធ្វើទាហានស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅប្រទេសអ៊ុយក្រែន គឺប្រៀបដូចជាយកសាំងចាក់លើភ្លើង ដែលកំពុងឆេះប៉ុណ្ណោះ មិនអាចពន្លត់ភ្លើងបាននោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា សម្តេចមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ទៅធ្វើទាហានស្ម័គ្រចិត្ត ស្លាប់លើទឹកដីអ៊ុយក្រែននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង កុំឲ្យឈានហួសរហូតដល់ស្ម័គ្រចិត្ត សុំធ្វើទាហានទៅជួយអ៊ុយក្រែន ដូចប្រទេសមួយចំនួន ខ្ញុំមិនផ្តល់ឱកាសឲ្យទៅទេ ព្រោះទៅទីនោះ ទី១អត់មានអីដឹកទេ ទី២ កុំយកសាំងចាក់លើភ្លើង ភ្លើងកំពុងតែឆេះ បើឆេះនាំគ្នាអំពាវនាវឲ្យពន្លត់ទៅកុំបញ្ឆេះតាមរបៀបថា ពលរដ្ឋកម្ពុជាសុំធ្វើទាហានស្ម័គ្រចិត្តទៅប្រយុទ្ធនៅអ៊ុយក្រែន […] ខ្ញុំមិនឲ្យពលរដ្ឋកម្ពុជាទៅស្លាប់លើទឹកដីរបស់អ៊ុយក្រែនទេ»។
ជុំវិញស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ឆ្លងកាត់ដំណាក់កាលសង្គ្រាម និងជាបិតាស្ថាបនិក នៃសន្តិភាពប្រទេសកម្ពុជា បានលើកឡើងថា កងទ័ពរបស់ប្រទេសរុស្ស៉ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ ចំណែកឯយោធារបស់អ៊ុយក្រែន ក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺ «មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបាននោះទេ» នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែននេះ ទាមទារឲ្យរកដំណោះស្រាយឲ្យបានឆាប់ បើមិនដូច្នេះទេពិភពលោក នឹងជ្រួលច្របល់ និងជួបបញ្ហានូវវិបត្តិសេដ្ឋកិច្ច ដែលមានទាំងការដាក់ទណ្ឌកម្មលើរុស្ស៉ីផងដែរ។
ចំពោះសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែននេះ សម្តេចចង់ឃើញឲ្យភាគីទាំងពីរ ព្រមព្រៀងឲ្យមានឈប់បាញ់នៅនឹងកន្លែង ហើយបើកការចរចានឹងគ្នា និងចង់ឃើញមានការចរចារវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុបផងដែរ។
សូមជម្រាបថា រហូតមកដល់ពេលនេះ សង្គ្រាមនៅអ៊ុយក្រែន ដែលកើតឡើងដោយសារវាយលុយ ពីសំណាក់កងទ័ពរុស្ស៉ី បានអូសអន្លាយរយៈពេល១១ថ្ងៃមកហើយ។ រុស្ស៉ីបានអះអាងថា ខ្លួនបានវាយដណ្តើមបានក្រុងធំៗមួយចំនួន នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានរាយការណ៍ថា ទាហានរុស្ស៉ីមិនតិចជាង១ម៉ឺននាក់នោះទេ បានស្លាប់ ដោយការតបតរបស់ទាហានអ៊ុយក្រែន៕