(ភ្នំពេញ)៖ លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) បានធ្វើកំណែទម្រង់នូវលក្ខន្ដិកៈ ដោយកំណត់អាណត្តិរបស់ប្រធានសហព័ន្ធកីឡាបាល់ទាត់គ្រប់បណ្ដាប្រទេសសមាជិក មានសិទ្ធិដឹកនាំសហព័ន្ធបានតែ ៣អាណត្តិប៉ុណ្ណោះក្នុង ១ជីវិត។
ការលើកឡើងនេះធ្វើឡើងក្នុងមហាន្និបាតបូកលើកទី១៦ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នេះនាសណ្ឋាគារហ្គាឌិនស៊ីធី។
អនុប្រធាន FFC ខាងលើបន្ថែមថា នេះគឺជាច្បាប់ថ្មីដែល FIFA បានធ្វើកំណែទម្រង់ សម្រាប់គណៈគ្រប់គ្រងសហព័ន្ធគ្រប់បណ្ដាប្រទេសសមាជិកលើពិភពលោកត្រូវអនុវត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការដឹកនាំឲ្យកាន់តែល្អប្រសើរថែមទៀត។ លើសពីនេះ FIFA បានកំណត់រាល់បេក្ខភាពឈរឈ្មោះធ្វើប្រធានសហព័ន្ធ ត្រូវមានអាយុក្រោម ៧០ឆ្នាំ (គិតត្រឹមថ្ងៃឈរឈ្មោះ) ទៀតផង។
លោក ខៀវ សាម៉េត បានអះអាងថា ក្នុងនាមសមាជិក FIFA សហព័ន្ធប្ដេជ្ញានឹងធ្វើការកែតម្រូវតាមលក្ខន្ដិកៈថ្មីនេះឲ្យស្របតាមនិយាមអន្ដរជាតិផងដែរ។
សូមបញ្ជាក់ថា សន្និបាតនេះបានធ្វើឡើងក្រោមវត្តមានលោក ខៀវ សាម៉េត តំណាងនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយក៏មានការចូលរួមជាសាក្សីពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ផងដែរ៕