(ភ្នំពេញ)៖ ៣មីនា គឺជាទិវារំលឹកដល់គុណូបការ: បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏មានការចូលរួមពី លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។
សូមជម្រាបថា ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២២នេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ អាចរៀបចំកម្មវិធីអបអរសាទរ នៅទីតាំងដោយផ្ទាល់បាន។ ការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៤ នៅទីតាំងដោយផ្ទាល់បាន គឺជាចំណុចវិជ្ជមានថ្មីមួយ បន្ទាប់ពីអាក់ខានក្នុងការរៀបចំដោយ ផ្ទាល់ចំនួន១លើក កាលពីឆ្នាំ២០២១ កន្លងទៅ ដោយសារការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសការអូសបន្លាយពេលដ៏យូរនៃព្រឹត្តិការណ៍ ២០ កុម្ភៈ៕