UN៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្ដើមបើកសវនាការលើកដំបូងនៃសំណុំរឿងប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្គ្រាមរបស់ខ្លួនជាមួយប្រទេសអ៊ុយក្រែននៅថ្ងៃទី៧ មីនាខាងមុខនេះ។
សេចក្ដីថ្លែងការណ៍របស់តុលាការយុត្តិធម៌អន្តរជាតិនិយាយថា តុលាការកំពូលរបស់អង្គការសហប្រជាជាតិ នឹងបើកសវនាការជាសាធារណៈចំនួន ២ថ្ងៃក្នុងសំណុំរឿងដែលត្រូវបានដាក់ជូនដោយប្រទេសអ៊ុយក្រែន ដោយចោទប្រកាន់ក្រុងមូស្គូថា បានរំលោភអនុសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨។ អនុសញ្ញានោះនិយាយពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
កាលពីថ្ងៃអាទិត្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានប្រកាសពីពាក្យបណ្ដឹងរបស់ទីក្រុងគីវ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិសម្រាប់ទីក្រុងមូស្គូ ដើម្បីទទួលខុសត្រូវចំពោះការផ្ដួចផ្ដើមគំនិតនៃអំពើប្រល័យពូជសាសន៍ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពាន។ លោក Zelenskyy បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា យើងបានស្នើឲ្យមានការសម្រេចចិត្តបន្ទាន់លើប្រទេសរុស្ស៊ី ដើម្បីបញ្ឈប់សកម្មភាពយោធានៅពេលនេះ និងរំពឹងថានឹងចាប់ផ្ដើមសំណុំរឿងនេះនៅសប្ដាហ៍ក្រោយ៕