(កូឡាឡាំពួរ)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចលុបចោលការប្រកួតជម្រុះ (Play-Off) នៃពានរង្វាន់ AFC Cup 2022 រវាងក្រុមវិសាខា របស់កម្ពុជា និងក្រុម Young Elephants FC ហើយ បន្ទាប់ពីក្លិប២ របស់មីយ៉ាន់ម៉ាបានប្រកាសដកខ្លួនចេញពីការប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ គឺក្រុម Shan United និងក្រុម Hantharwady United FC។
យោងតាមការចុះផ្សាយរបស់ AFC កាលពីថ្ងៃទី០១ ខែមីនាម្សិលមិញ ដោយផ្អែកលើទិដ្ឋភាពជាក់ស្ដែងខាងលើ និងដើម្បីរក្សានូវនិរន្ដរភាពនៃការប្រកួតពានរង្វាន់ AFC Cup 2022 ផង AFC ក៏សម្រេចឲ្យក្រុមវិសាខា និងក្រុម Young Elephants FC ឡើងទៅលេងវគ្គចែកពូលតែម្ដង ក្នុងនោះវិសាខា ឡើងទៅបង្គ្រប់ពូល G ជាមួយក្រុម Bali United (ឥណ្ឌូនេស៊ី), Kaya FC (ហ្វីលីពីន) និងក្រុម Kedah Darul FC (ម៉ាឡេស៊ី)។
ចំណែកក្រុម Young Elephants FC របស់ឡាវ បានឡើងទៅបង្គ្រប់កៅអីពូល I ជាមួយក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន, ក្រុម Viettel (វៀតណាម) និងក្រុម Hougang United (សិង្ហបុរី)។ រីឯពូល H នឹងមិនមានក្រុមជំនួសកន្លែងសម្រាប់ក្រុម Shan United ដែលបានដកខ្លួននោះទេ ដែលនាំឲ្យពូលនេះនៅសល់បេក្ខភាពប្រកួតតែ ៣ក្រុមប៉ុណ្ណោះរួមមាន Kuala Lumpur City FC (ម៉ាឡេស៊ី) ក្រុម Tampines Rovers (សិង្ហបុរី) និងក្រុម PSM Makassar (ឥណ្ឌូនេស៊ី)។
សម្រាប់ការប្រកួតវគ្គចែកពូលនៃពានរង្វាន់ AFC Cup 2022 នេះ គ្រោងដំណើរការប្រកួតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ខណៈពូល G ដែលមានក្រុមវិសាខា របស់កម្ពុជាចូលរួមនោះ គ្រោងនឹងធ្វើការប្រកួតលើទឹកដីកណ្ដាលនាប្រទេសឥណ្ឌូនេស៊ី៕