ក្រចេះ៖ អាវុធហត្ថខេត្តក្រចេះ ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង មេបញ្ជាការរងទទួលការងារ ព្រហ្មទណ្ឌ បានបើកប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីឃាត់កម្មគិតទុកជាមុន (ប្លន់សម្លាប់) ស្ត្រីម្នាក់នៅខេត្តមណ្ឌលគីរី។
ប្រតិបត្តការនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃ២៧ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅចំនុចអូរថ្មី ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។យោងតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សិទ្ធ ធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន (ប្លន់សម្លាប់) ទៅជនរងគ្រោះ ឈ្មោះ វេង ភា ភេទស្រី អាយុ៥១ឆ្នាំ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចភូមិភូមិអង្រ្គង់សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
យោងតាមរបាយការណ៍ បញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ស្ត្រីរងគ្រោះពិតប្រកដមែន ដោយយកអង្រែបុកគ្រឿងវាយក្បាល ជនរងគ្រោះពីក្រោយចំនួន៥អង្រែទើបជនរងគ្រោះដួលទៅលើដី រួចខ្លួនបានជាន់ពីលើខ្នង ជនរងគ្រោះ យកកាំបិតអារកជនរងគ្រោះពីក្រោយត្រង់ក្រោមត្រចៀក បណ្ដាលឲ្យដាច់ហូរឈាម ស្លាប់ និងកន្លែងកើតហេតុ រួចជនសង្ស័យបានដោះយកគ្រឿងអលង្ការ និងលុយជនរងគ្រោះ រួចរត់គេចខ្លួនតែម្ដង។
ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ច បានដកហូតនូវវត្ថុតាងរួមមាន ម៉ូតូមួយគ្រឿង, ខ្សែកចំនួន២ខ្សែ, ខ្សែដៃចំនួន២ខ្សែ ,ចិញ្ចៀនចំនួន២វង់ ប្រាក់រៀលចំនួន ៦០ម៉ឺនរៀល, ប្រាក់បាត១០០បាត និងប្រាក់ដុងចំនួន៥០០០ដុង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើឃាត់ខ្លួន និងរក្សាទុកនៅមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៅអាវុធហត្ថខេត្តក្រចេះ ដើម្បីចំណាត់ការតាមនីតិវិធី៕