វាយកូនបាល់៖ កីឡាករវាយកូនបាល់សញ្ជាតិស៊ែប Novak Djokovic នឹងបាត់បង់តំណែងលេខ ១ ពិភពលោករបស់ខ្លួនក្រោយរងបរាជ័យក្រោមស្នាដៃកីឡាករឆេក Jiri Vesely នៅវគ្គ ៨នាក់ចុងក្រោយកម្មវិធី Dubai Tennis Championships។ នេះជាកម្មវិធីប្រកួតដំបូងរបស់ Djokovic ក្នុងឆ្នាំ២០២២ នេះបន្ទាប់ពីរូបគេមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួត Grand Slam, Australian Open ដោយសារបញ្ហាទិដ្ឋាការវ៉ាក់សាំង។
លេខ ១ ពិភពលោករបស់ Djokovic នឹងត្រូវជំនួសដោយកីឡាកររុស្ស៊ី Daniil Medvedev នៅថ្ងៃចន្ទដើមសប្តាហ៍ខាងមុខនេះ។ Jiri Vesely ដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ១២៣ នោះបានយកឈ្នះ Djokovic ដោយលទ្ធផល ៦-៤ និង ៧-៦(៧-៤)។ Daniil Medvedev នឹងក្លាយជាកីឡាករទី១ ដែលឡើងឈរលំដាប់លេខ ១ ពិភពលោកបន្ទាប់ពីតំណែងនេះត្រូវគ្រប់គ្រងដោយកីឡាករ ៤នាក់រួមមាន Novak Djokovic, Rafael Nadal, Roger Federer និង Andy Murray ក្នុងរយៈពេល ១៨ឆ្នាំចុងក្រោយនេះ។ សំរាប់ Djokovic បានឈរលេខ ១ ពិភពលោកនេះរយៈពេល ៣៦១សប្តាហ៍ដែលជាកំណត់ត្រាមួយផងដែរ៕