(ភ្នំពេញ)៖ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវការណែនាំមួយចំនួនពាក់ព័ន្ធបញ្ហាគ្រឿងញៀន ដើម្បីស្ថាប័ន និងអង្គភាពពាក់ព័ន្ធធ្វើការរួមគ្នាសំដៅលុបបំបាត់បញ្ហានេះពីកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា តាមការវាយតម្លៃទូទៅ និន្នាការនៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង បានជះឥទ្ធិពលមកលើប្រទេសក្នុងតំបន់ ក្នុងនោះរួមទាំងកម្ពុជាផងដែរ។ ផ្អែកលើបញ្ហាប្រឈមនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ អនុវត្តនូវកិច្ចការសំខាន់ៗ មួយចំនួនរួមមាន៖
* ត្រូវបន្តពង្រឹង និងលើកកម្ពស់កិច្ចសហការពីក្នុងចំណោមក្រសួង ស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ដើរទន្ទឹមនឹងការខិតខំចលនាឲ្យមានការចូលរួមកាន់តែទូលំទូលាយ និងកាន់តែសកម្មជាប់ជាប្រចាំពីសង្គមទាំង មូល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ នេះ
* បង្កើនការអប់រំប្រជាជនគ្រប់ៗរូបឲ្យលើកកម្ពស់ការទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ចៀសឲ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ទាំងបុគ្គលម្នាក់ៗ ទាំងក្នុងក្រុមគ្រួសារនីមួយៗ និងនៅតាមសហគមន៍នានានៅមូលដ្ឋាន ព្រមទាំងចូលរួមឲ្យបានកាន់តែសកម្មជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ឲ្យបានជាប់ជាប្រចាំ
* ពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីមានសមត្ថកិច្ច ក្នុងការស្រាវជ្រាវបង្ក្រាបគ្រឿងញៀនខុសច្បាប់ ឲ្យស្របតាមការវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ នៃបច្ចេកវិទ្យាផលិត និងសកម្មភាពចរាចរជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងសង្គម
* បង្កើនការគ្រប់គ្រងមុខសញ្ញាជួញដូរ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សំដៅគ្រប់គ្រងកាត់ផ្តាច់ចរន្ត នៃការជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់
* អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីគ្រប់ផ្នែកគ្រប់ថ្នាក់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់។
* ឆ្នាំ២០២១ កន្លងទៅនេះ កងកម្លាំងមានសមត្ថកិច្ច បានស្រាវជ្រាវរកឃើញទីតាំងធំៗមួយចំនួន ដែលឧក្រិដ្ឋជនគ្រឿងញៀន បានប្រើប្រាស់សារធាតុគីមីនាំចូលមួយចំនួន ដើម្បីលួចលាក់ផ្សំ កែច្នៃផលិតគ្រឿងញៀនខុសច្បាប់។ ហេតុនេះ យើងត្រូវធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហការអន្តរស្ថាប័ន ដើម្បីគ្រប់គ្រងការនាំចូល ការចែកចាយ និងការប្រើប្រាស់ សារធាតុគីមី ដែលនាំចូលដើម្បីកុំឲ្យសារធាតុគីមីទាំងនោះ ធ្លាក់ក្នុងដៃឧក្រិដ្ឋជនគ្រឿងញៀន យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។ ទន្ទឹមនេះត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ ដើម្បីបង្ការទប់ស្កាត់ឲ្យបានជាដាច់ខាតការប្រើប្រាស់ប្រទេសយើង សម្រាប់ជាគោលដៅផលិតគ្រឿងញៀនខុសច្បាប់។
* កន្លងមក កងកម្លាំងមានសមត្ថកិច្ច ក៏បានរកឃើញគ្រឿងញៀនខុសច្បាប់ ដែលឧក្រិដ្ឋជនបានប្រើប្រាស់បុរី អគារខុនដូ និងអាផាតមិនមួយចំនួន ដើម្បីលាក់ស្តុកទុកគ្រឿងញៀនខុសច្បាប់។ ហេតុនេះ ត្រូវជំរុញការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅក្នុងបុរី អគារខុនដូ និងអាថានមិន ដើម្បីបង្កើនការគ្រប់គ្រងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមទីតាំងទាំងនោះ៕