(ភ្នំពេញ)៖កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៃក្រសួងបានមហាផ្ទៃ ក្រោយមានចំណារឯកភាពរបស់លោក ស៊ិត វណ្ណៈព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងហាងស្នាដៃនារីខ្មែរ សាឡន ដែលស្តុកទុក និងចែកចាយ នូវផលិតផលគ្រឿងសម្អាង សង្ស័យជាផលិតផលក្លែងក្លាយ មានទីតាំងស្ថិតនៅបុរីពិភពថ្មីឈូកវ៉ា២ ផ្លូវលេខៈ១៦ ផ្ទះលេខៈ៦៣ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលម្ចាស់ទីតាំងឈ្មោះ ម៉ៅ មីន ។
ក្រោយប្រតិបត្តិការចុះឆែកឆេរ និងសាកសួរនាំអស់រយៈពេលជាច្រើនម៉ោងរួចមកសមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតផលិតផលចំនួន១៣មុខដែលសមត្ថកិច្ចសង្ស័យថាជាផលិតផលក្លែងក្លាយ ដើម្បីយកទៅពិនិត្យពិសោធន៍បន្ថែម។
ទោះបីយ៉ាងណាបើយោងតាមវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មលេខៈMOC-31370956 ពណ.ចបព ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ហាងស្នាដៃនារីខ្មែរ សាឡន បានចុះបញ្ជីត្រឹមតែសហគ្រាសឯកបុគ្គល មិនមែនជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត(CO.,LTD )ឡើយ ប៉ុន្តែក្នុងលិខិតបើកគ្រឹះស្ថាននាំចូលគ្រឿងសម្អាង និងវិញ្ញាបនបត្រប្រវេទន៍ផលិតផលគ្រឿងសម្អាងដែលចេញដោយក្រសួងសុខាភិបាល ហាងស្នាដៃនារីខ្មែរ សាឡន « ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត(CO.,LTD )»ទៅវិញទាំងដែលអាជ្ញាប័ណ្ណចុះបញ្ជីពាណិជ្ជកម្មជាសហគ្រាសឯកបុគ្គលប៉ុណ្ណោះ។
ក្នុងករណីនេះ មហាជនមានការនឿយឆ្ងល់យ៉ាងខ្លាំងថា តើហាងស្នាដៃនារីខ្មែរ សាឡន មានសិទ្ធិនាំចូលគ្រឿងសម្អាងដែរឬទេ? ហេតុអ្វីបានជាលិខិតអាជ្ញាប័ណ្ណនៅក្រសួងពាណិជ្ជកម្មដាក់ថាជាសហគ្រាសឯកបុគ្គលមិនមែនជាខូលអិលធីឌី(CO.,LTD) ផ្ទុយទៅវិញក្នុងលិខិតបើកគ្រឹះស្ថាននាំចូល និងប្រវេទន៍របស់ក្រសួងសុខាភិបាលហាងស្នាដៃនារីខ្មែរ សាឡន ខូលអិលធីឌី(CO.,LTD)?តើហាងស្នាដៃនារីខ្មែរ សាឡន មានអំណាចអ្វីឬអាងអ្នកមានអំណាចនៅពីក្រោយខ្នងទើបអាចរត់ច្បាប់បន្លំភ្នែកថ្នាក់ដឹកនាំក្រសួងបាន ឬក៏ក្រសួងសុខាភិបាលខ្លួនឯងដែលជាមន្រ្តីជំនាញមិនបានពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយបានជាចេញលិខិតឲ្យមានសិទ្ធិនាំចូលផលិតផលគ្រឿងសម្អាង និងថែមទាំងចេញប្រវេទន៍ឲ្យទៀង។
មហាជនសង្ស័យថា ហាងស្នាដៃនារីខ្មែរ សាឡន បានលួចលក់ផលតិផលក្លែងបញ្ជិកា ក្លែងប្រវេទន៍ និងបានបើកសាខា លក់ហ្រ្វេនឆាយដោយខុសច្បាប់ និងមានចេតនាគេចវេសពីកាតព្វកិច្ចបង់ពន្ធចូលរដ្ឋឬមានចេតនាគៃបំបាត់ពន្ធ ការរកស៊ីមិនសុច្ចរិតនិងទំនិញ ឬសេវា ធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។
មហាជនកំពុងរងចាំតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសំណុំរឿងហាងស្នាដៃនារីខ្មែរ សាឡន ជាពិសេសសង្ឃឹមថា សមត្ថកិច្ចក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងអនុវត្តច្បាប់បានតឹងរឹងបំផុតមិនបណ្ដែតបណ្ដោយឲ្យជនខិលខូចរួចពីសំណាញ់ច្បាប់ឡើយ។
ជុំវិញក្នុងសំណុំរឿងនេះ អង្គភាពយើងពុំទាន់ទទួលបានការបកស្រាយពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយ អង្គភាពយើងខ្ញុំរីករាយរកចាំការបកស្រាយជានិច្ចជុំវិញករណីនេះ៕