(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានដឹកនាំអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ អគ្គរដ្ឋទូតអូស្ត្រាលី និងនាយកការិយាល័យ សហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ចុះបំពេញទស្សនកិច្ចនៅលើទឹកដីខេត្តបាត់ដំបង ដើម្បីពិនិត្យលើការអនុវត្តកម្មវិធីគណនេយ្យភាពសង្គម ក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្ដោតទៅលើសេវា សាលាបឋមសិក្សា មណ្ឌលសុខភាព និងសេវារដ្ឋបាល នៅរដ្ឋបាលឃុំ-សង្កាត់ និងថ្នាក់ក្រុង-ស្រុក បន្ទាប់ពីបានអនុវត្តការងារគណនេយ្យភាពសង្គមលើសេវារដ្ឋបាល និងនៅការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋផងដែរ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គោលបំណងសំខាន់របស់ប្រតិភូ ដែលបានមកបំបេញបេសកកម្ម នៅខេត្តបាត់ដំបង នាពេលនេះ គឺដើម្បីចង់ដឹងអំពីដំណើរការ នៃការអនុវត្តគណនេយ្យភាពសង្គមនៅតាមឃុំ សង្កាត់ នៃខេត្តបាត់ដំង បានប្រព្រឹត្តទៅយ៉ាងដូចម្តេច ហើយមានជួបនឹងបញ្ហាប្រឈមអ្វីខ្លះ? នឹងធ្វើការដោះស្រាយកែសម្រួលបន្ថែមទៀត។
សូមបញ្ជាក់ថា ការងារគណនេយ្យភាពសង្គម គឺពិតជាមានសារៈសំខាន់ និងជាឧបករណ៍សម្រាប់ការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចមូលដ្ឋាន ដែលផ្តោតទៅលើការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ហើយវិសាលភាពនៃការគ្របដណ្តប់លើការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងខេត្តបាត់ដំបង រហូតដល់ឆ្នាំ២០២១ មាន១០២ ឃុំ-សង្កាត់ នៃ១៤ក្រុង ស្រុក និងគោលដៅសាលាបឋមសិក្សាចំនួន ៦៣៤សាលា មណ្ឌលសុខភាពចំនួន ៨១ទៀតផងដែរ។
ដើម្បីត្រួតពិនិត្យនឹងការអនុវត្តនេះ រដ្ឋបាលខេត្តបាត់ដំបង នឹងនៅតែប្តេជ្ញាចិត្តធ្វើការវិភាជន៍ថវិកាគាំទ្រដល់ដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ដើម្បីលើកកម្ពស់ និងពង្រឹងការផ្តល់សេវាមូលដ្ឋាន តាមរយៈការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ក្នុងការឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលផ្តោតទៅលើការអភិវឌ្ឍពង្រឹងសាលារៀន មណ្ឌលសុខភាពនិងសេវានៅរដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាប្រកបដោយតម្លាភាព ភាពជឿទុកចិត្តបាន និងបំពេញតម្រូវការនៅក្នុងសហគមន៍ប្រជាពលរដ្ឋ ក្នុងការគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានល្អប្រសើ៕