ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងកោតសរសើរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកថា មិនត្រឹមតែបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ច នៅកម្ពុជាប៉ុណ្ណោះទេ តែគឺជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយផងដែរ។
ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពីម្សិលមិញ នៅទីស្តីការក្រសួងការ បរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា (HAYASHI Yoshimasa) បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា «ឯកឧត្តម ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យផងដែរ»។ លោក បានបង្ហាញអំពីការប្តេជ្ញាចិត្ត របស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ហើយបន្តគាំទ្រកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់ ខណៈកម្ពុជា គឺជាប្រទេសស័ក្តិសមជា ដៃគូយុទ្ធសាស្ត្រជប៉ុននោះ។
ប្រមុខការទូតជប៉ុនរូបនេះ បានសម្តែងការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០២៣ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ ហើយមិនតែប៉ុណ្ណោះ ក៏បានសម្តែងនូវការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះភាពច្នៃប្រឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លើការកែច្នៃសភាពការណ៍ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ដែលនេះ គឺជាចំណុចគន្លឹះ និងជាជោគជ័យនៃសិល្បៈដឹកនាំរបស់សម្តេចតេជោ នៅក្នុងការបំពេញតួនាទីដោះស្រាយកិច្ចការអន្តរជាតិផងដែរ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងភាពរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងបានអរគុណដល់រាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមក ទាំងក្នុងដំណើរការស្វែងរកសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ៨០ បេសកកម្មថែរក្សាសន្តិភាព ក្នុងទស្សវត្សរ៍ឆ្នាំ៩០ ហើយជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការស្តារកសាង និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។
តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននឹងកំពុងដឹក នាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ (ថ្ងៃទី១៤-១៧ ខែកុម្ភៈ នេះ) នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រទេសទាំងពីរ បានឯកភាពគ្នាប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕