អ៊ុយក្រែន៖ មេដឹកនាំសាធារណរដ្ឋប្រជាមានិត Donetsk ដែលប្រកាសដោយខ្លួនឯង លោក Denis Pushilin បាននិយាយក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃសុក្រថា ពួកគេចង់បានដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនៅប្រទេសអ៊ុយក្រែនភាគខាងកើត។ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានជាប់គាំងនៅក្នុងជម្លោះដ៏ជូរចត់ចាប់តាំងពីឆ្នាំ២០១៤ មកនៅពេលដែលមេដឹកនាំស្និទស្នាលវិមានក្រឹមឡាំង របស់ ប្រទេសអ៊ុយក្រែនត្រូវបានបណ្តេញចេញពីតំណែងដោយការបះបោរ។
ទីក្រុងមូស្គូបានឆ្លើយតបដោយការបញ្ចូលឧបទ្វីបគ្រីមៀ ហើយបន្ទាប់មកគាំទ្រការបះបោរបំបែកខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ជាកន្លែងដែលមានការប្រយុទ្ធគ្នាបណ្តាលឲ្យមនុស្សជាង ១៤,០០០នាក់ស្លាប់។ កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ ដែលសម្របសម្រួលដោយប្រទេសបារាំង និងអាល្លឺម៉ង់បានជួយបញ្ឈប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ប៉ុន្តែការប៉ះទង្គិចគ្នាជារឿយនៅតែមាន ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ដំណោះស្រាយនយោបាយបានជាប់គាំង។ វិមានក្រឹមឡាំងបានចោទប្រកាន់ទីក្រុងគៀវពីបទបំផ្លាញដោយចេតនាកិច្ចព្រមព្រៀង ហើយមន្ត្រីអ៊ុយក្រែនបានអះអាងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា ការអនុវត្តកិច្ចព្រមព្រៀងនឹងធ្វើឱ្យប៉ះពាល់ដល់ ប្រទេសរបស់ពួកគេ។
លោក Pushilin បាននិយាយកាលពីថ្ងៃសុក្រថា យើងចង់បានដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះនេះ ប៉ុន្តែលោកមិនច្រានចោលជំនួយរបស់ប្រទេសរុស្ស៊ីក្នុងតំបន់នោះទេ ប្រសិនបើការវាយលុកទ្រង់ទ្រាយធំធ្វើឲ្យកើតឡើងដោយប្រទេសអ៊ុយក្រែន។ មេដឹកនាំផ្តាច់ខ្លួនរូបនេះនិយាយថា លោកកំពុងទទួលបានការផ្តល់ជំនួយពីអ្នកស្ម័គ្រចិត្ត ដើម្បីជួយសាធារណរដ្ឋដែលប្រកាសដោយខ្លួនឯងក្នុងការការពារខ្លួន។ ទីប្រឹក្សានយោបាយការបរទេសមកពីប្រទេសអាឡឺម៉ង់ បារាំង រុស្ស៊ី និងអ៊ុយក្រែនបានជួបពិភាក្សាគ្នាជិតប្រាំបួនម៉ោងនៅទីក្រុងប៊ែរឡាំង ដើម្បីព្យាយាមស្តារឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពដែលជាប់គាំង ប៉ុន្តែគ្មានលទ្ធផលនោះទេ៕