សេអ៊ូល៖ ខណៈពេលបាន និងកំពុងមានវត្តមាននៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី១២កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានមហាកិត្តិយសដ៏ក្រៃលែង បានអញ្ជើញឡើងទទួលនូវជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិកឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ដែលជាមហាកិត្តិយសទាំងសម្រាប់រូបសម្ដេច ក្រុមគ្រួសារ និងប្រជាជាតិកម្ពុជាទាំងមូល។
ក្នុងពិធីដ៏មហោឡារិកបន្ទាប់ពីបានអញ្ជើញឡើងទទួលដោយផ្ទាល់នូវជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់នេះ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឋានៈជាសហប្រធានកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ សម្ដេចបានមានប្រសាសន៍បង្ហាញអំពីប្រវត្តិដ៏ជូរចត់ដោយយកជីវិតធ្វើដើមទុនក្នុងការតស៊ូរំដោះប្រទេសជាតិ នៅគ្រប់ដំណាក់កាល និងការតស៊ូស្វែងរកសន្តិភាព ជាពិសេសតាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចដែលនាំឲ្យកម្ពុជាទទួលបាននូវផលប្រយោជន៍ជាកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិក្រោមដំបូល នៃសន្តិភាពដោយសម្ដេចបានមានប្រសាសន៍ថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សម្ដេចបន្តថា រាជរដ្ឋាភិបាលរបស់កម្ពុជាបានយកសន្តិភាពជាអតិភាព ដោយបានបញ្ជូនកងទ័ពជាងរាប់ពាន់នាក់ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព និងបោសសំអាតមីនរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ាដែលពេលនេះកំពុងមានវត្តមាននៅម៉ាលី អាហ្វ្រិកកណ្ដាល ស៊ូដង់និងលីបង់ ដើម្បីរួមចំណែកក្នុងការចូលរួមរក្សាសន្តិភាពនៅបណ្ដាប្រទេសទាំងនោះ។ សម្ដេចបន្តថាទោះបីប្រទេសកម្ពុជាតូចក៏ដោយ កម្ពុជាក៏បានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព សម្រាប់តំបន់ និងពិភពលោក ដោយសុឆន្ទៈ និងការទទួលខុសត្រូវនិងភាពស្មោះត្រង់។
សូមបញ្ជាក់ថា ពានរង្វាន់សន្តិភាពនេះគឺជាការទទួលស្គាល់ភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់សម្ដេចតេជោអស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែករបស់សម្ដេចចំពោះសន្តិភាពស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា និងតំបន់ទាំងមូល។
ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពដ៏មានកិត្យានុភាពបំផុតមួយរបស់ពិភពលោក បង្កើតឡើងដើម្បីទទួលស្គាល់ “ បុគ្គល និងស្ថាប័នដែលបានបម្រើដល់មនុស្សជាតិដែលជាគំរូមួយ ក្នុងការ ធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ”។ ក្រៅពីសម្ដេចតេជោ ហ៊ុន សែន គណៈកម្មាធិការក៏បានផ្ដល់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដល់ជ័យលាភី ២រូបទៀត រួមមាន (១) លោកស្រី Dame Sarah Catherine Gilbert សាស្ត្រាចារ្យផ្នែក វ៉ាក់សាំងនៃវិទ្យាស្ថាន Jenner នៃសាកលវិទ្យាល័យ Oxford ដែលជាអ្នកវិទ្យាសាស្ត្រសហការបង្កើត វ៉ាក់សាំង AstraZeneca និង (2) សម្ព័ន្ធភាពវ៉ាក់សាំងកូវីដ (Gavi, Vaccine Alliance) ដែលជាយន្តការសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុត ដែលបានរួមចំណែកដល់ការកែលម្អសុខភាពទូទៅរបស់មនុស្សជាតិ តាមរយៈការផ្តល់វ៉ាក់សាំងដល់កុមារ នៅក្នុងប្រទេសដែលមានចំណូលទាប៕