រូម៉ានី៖ ក្បួនដឹកជញ្ជូនដំបូងដែលដឹកសម្ភារៈយោធា និងយានយន្តរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសរូម៉ានីបានមកដល់កាលពីល្ងាចថ្ងៃពុធ។ ទាហានអាមេរិកប្រមាណ ១.០០០នាក់នឹងត្រូវបានដាក់ពង្រាយទៅប្រទេសនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ការដាក់ពង្រាយនេះធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក សម្លឹងមើលការពង្រឹងកងកម្លាំងសម្ព័ន្ធមិត្តនៅលើតំបន់ភាគខាងកើត ក្នុងពេលមានភាពតានតឹងកើនឡើងរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
កងទ័ពមកពីកងវរសេនាធំទ័ពសេះទី២ ត្រូវបានដាក់ពង្រាយពីទីក្រុង Vilseck ប្រទេសអាល្លឺម៉ង់ ហើយបានឆ្លងកាត់ចំណុចតំបន់ Nadlac ព្រំដែនភាគខាងលិចប្រទេសរូម៉ានីនៅម៉ោងប្រហែល ១០.០០យប់ម៉ោងក្នុងតំបន់។ ទាហានទាំងនេះនឹងចូលរួមជាមួយសមាជិកអង្គភាពសេវាកម្មអាមេរិកប្រមាណ ៩០០នាក់ដែលកំពុងឈរជើងក្នុងប្រទេសរូម៉ានី។ គោលដៅចុងក្រោយនៃក្បួនយោធាអាមេរិកគឺមូលដ្ឋានយោធា Mihail Kogalniceanu នៅភាគខាងកើតប្រទេសរូម៉ានី។ ប្រទេសរូម៉ានីជាសមាជិកអង្គការណាតូចាប់តាំងពីឆ្នាំ២០០៤ មានព្រំដែនជាង ៦០០គីឡូម៉ែត្រជាប់ប្រទេសអ៊ុយក្រែនទៅភាគខាងជើង។
រុស្ស៊ីបានដាក់ពង្រាយកងទ័ពជាង ១០ម៉ឺននាក់នៅព្រំដែនប្រទេសអ៊ុយក្រែន និងបានធ្វើសមយុទ្ធយោធាក្នុងតំបន់ ប៉ុន្តែបាននិយាយថា ខ្លួនគ្មានផែនការឈ្លានពានប្រទេសអ៊ុយក្រែននោះទេ។ ទីក្រុងម៉ូស្គូបាននិយាយថា ខ្លួនចង់បានការធានាពីប្រទេសលោកខាងលិចថា ប្រទេសអ៊ុយក្រែន និងប្រទេសអតីតសហភាពសូវៀតផ្សេងទៀតនឹងមិនចូលរួមជាមួយអង្គការណាតូ ហើយណាតូត្រូវកាត់បន្ថយកងទ័ពរបស់ខ្លួនពីប្រទេសដែលបានចូលរួមក្នុងសម្ព័ន្ធនេះក្រោយឆ្នាំ១៩៩៧។ ប៉ុន្តែសហរដ្ឋអាមេរិក និងអង្គការណាតូបានច្រានចោលការទាមទារទាំងនេះរបស់ទីក្រុងម៉ូស្គូ៕