បាល់ទាត់៖ ព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់ពិភពលោក FIFA Club World Cup នឹងចាប់ផ្តើមដំណើរការហើយនៅថ្ងៃព្រហស្បតិ៍នេះដែលរៀបចំនៅទឹកដី Abu Dhabi អារ៉ាប់រួម។ អារ៉ាប់រួមនឹងប្រើប្រាស់កីឡដ្ឋានបាល់ទាត់ចំនួន ២ ដើម្បីទទួលព្រឹត្តិការណ៍នេះ ខណៈគណៈកម្មាធិការរៀបចំបានធ្វើការត្រួតពិនិត្យ របៀបរៀបរយចុងក្រោយនៃការត្រៀមលក្ខណៈរបស់ខ្លួន។
ក្លិបម្ចាស់ផ្ទះដែលមានមូលដ្ឋាននៅទីក្រុង Abu Dhabi ស្រាប់ Al Jazira នឹងចាប់ផ្តើមការប្រកួតរបស់ខ្លួននៅកីឡដ្ឋាន Mohammed bin Zayed ដោយនឹងត្រូវជួបជាមួយក្រុមជើងឯកអូសេអានី AS Pirae មកពីកោះតាហ៊ីទី។ ក្រុមដែលឈ្នះពីការប្រកួតនេះនឹងឡើងទៅជួបក្រុមជើងឯកអាស៊ី AFC Champions League, Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីតនៅជុំទី២ លើកីឡដ្ឋានដដែល។ ចំណែកក្រុមជើងឯកអឺរ៉ុប UEFA Champions League តោខៀវ Chelsea រង់ចាំជួបនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រីឯនៅកីឡដ្ឋាន Al Nahyan នឹងទទួលការប្រកួតជុំទី២ រវាងក្លិបជើងឯកទ្វីបអាហ្វ្រិក Al Ahly របស់អេហ្ស៊ីប និងក្រុមជើងឯកអាមេរិកកណ្តាល Monterrey របស់ម៉ិកស៊ិក។ ក្រុមឈ្នះនឹងឡើងជួបជាមួយក្រុមជើងឯកអាមេរិកខាងត្បូង Palmeiras របស់ប្រេស៊ីល។ វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈនេះ៕