(ភ្នំពេញ)៖ ក្រុមហ៊ុនរបស់ជប៉ុន តាមរយៈលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា បានជូនដីមួយកន្លែងក្នុងរាជធានីភ្នំពេញ ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីរៀបចំធ្វើជាសួនមិត្តភាពកម្ពុជា-ជប៉ុន និងឱ្យសាធារណជនលេងកម្សាន្ត។
ព័ត៌មាននេះ ត្រូវបានលោក Takahashi Fumaiki ជម្រាបជូនសម្តេចតេជោ ក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងគាំទ្រឱ្យមានការរៀបចំសួនសាធារណៈនេះ ដោយដាក់ឈ្មោះថា សួនមិត្តភាពកម្ពុជា-ជប៉ុន។ សម្តេចតេជោ ក៏បានណែនាំលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជជែក និងធ្វើការជាមួយរដ្ឋបាលរាជធានីភ្នំពេញ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងដែរថា នៅក្នុងជំនួបនាព្រឹកមិញនេះ លោក Takahashi Fumaiki ក៏បានសម្តែងការអបអរសាទរ និងបានកោតសរសើរចំពោះវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
បន្ថែមពីលើនោះ លោក Takahashi Fumaiki ក៏បានស្នើសុំសម្តេចតេជោ ដើម្បីនាំអ្នកវិនិយោគថ្នាក់កណ្តាលរបស់ជប៉ុន ចូលជួបសម្តែងការគួរសមនឹងសម្តេចតេជោ នៅខែមេសា ខាងមុខនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមអនុញ្ញាតឱ្យអ្នកវិនិយោគជប៉ុនចូលជួបតាមសំណើនេះ។ សម្តេចតេជោ ក៏បានឆ្លៀតជម្រាបលោក Takahashi Fumaiki អំពីវិធានការ និងចំណាត់ការសំខាន់ៗមួយចំនួន ដែលកម្ពុជា បានដាក់ចេញរហូតអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ផងដែរ៕