ភ្នំពេញ៖ ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ពិនិត្យលទ្ធភាពដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ដែលតែងតែបង្កការជន់លិចផ្នែកខ្លះនៃរាជធានីភ្នំពេញ។
ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ បានឱ្យដឹងថា បញ្ហាទឹកជំនន់ព្រែកត្នោត កាលពីពេលកន្លងមក ឯកឧត្ដម បានធ្វើការសិក្សាមួយចំនួនរួចហើយ និងពេលនេះ ស្នើសុំសម្ដេចតេជោ ពិនិត្យលទ្ធភាពការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផ្លែត អ្នកនាំពាក្យរបស់សម្តេចតេជោ។
ឯកឧត្ដម បានឱ្យដឹងទៀតថា ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ក៏បានគោរពសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីនាំប្រតិភូក្រុមអ្នកវិនិយោគធុនកណ្តាលមកកាន់ព្រះរាជាណាចក្រកម្ពុជានាខែមេសាខាងមុខ។
ឯកឧត្តម ក៏បានគោរពស្នើសុំប្រគល់ទីតាំងដីមួយកន្លែងជូនចំពោះសម្ដេច ដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួន «ភីឃីអូ» សម្រាប់សាធារណៈជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនផង។
ឯកឧត្ដម បានគោរពវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់សម្ដេចតេជោ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ី ហើយក៏បានជម្រាបជូនឯកឧត្តម និងគណៈប្រតិភូអំពីវិធានការ និងចំណាត់ការនិងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយក៏បានស្វាគមន៍ចំពោះប្រតិភូអ្នកវិនិយោគធុនកណ្ដាល ដែលឯកឧត្តម តាកា ហាស៊ី មានបំណងនាំមកព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ ក៏បានទទួលស្វាគមន៍ និងសំដែងនូវការគាំទ្រចំពោះការផ្ដួចផ្ដើមរៀបចំធ្វើឲ្យមានសួនសាធារណៈ ដែលជាសួនអនុស្សាវរីយ៍ដោយដាក់នាមថាសួន«ភីឃីអូ» ។
ពាក់ព័ន្ធនឹងការការពារជំនន់ស្ទឹងព្រែកត្នោត សម្ដេចតេជោ ក៏បានណែនាំឱ្យឯកឧត្តម សុខចិន្តា សោភា សូមសហការសម្របសម្រួលជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹកនិងឧត្តុនិយម និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីអនុញ្ញាតឱ្យប្រតិភូរបស់ឯកឧត្តម តាកា ហាស៊ី បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងបញ្ហានេះ៕