(វ៉ាស៊ីនតោន)៖ ប្រទេសកាណាដាបានសម្រេចចិត្ត ដកបុគ្គលិកទូតមិនចាំបាច់ និងក្រុមគ្រួសាររបស់ពួកគេផងដែរ ចេញពីប្រទេសអ៊ុយក្រែនជាបណ្តោះអាសន្ន ខណៈស្ថានការណ៍តានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី នៅតែស្ថិតក្នុងកម្រិតខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។
ប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញថា នៅតែបន្តរក្សាវត្តមានយោធារាប់សែននាក់ និងសព្វាវុធទ្រង់ទ្រាយធំនៅលើទឹកដីរបស់ខ្លួន ក្បែរព្រំដែនអ៊ុយក្រែន ចំពោះមុខការព្រមានម្តងហើយម្តងទៀត ពីបណ្តាប្រទេសលោកខាងលិចថា កងទ័ពរុស្ស៊ីនឹងវាយលុកចូលទឹកដីអ៊ុយក្រែន យ៉ាងហោចណាស់នៅពាក់កណ្តាលខែកុម្ភៈ ឆាប់ៗខាងមុខនេះ។
សម្រាប់ប្រទេសកាណាដាវិញ ក៏មិនខុសពីប្រទេសជាច្រើនទៀតដែរ ដោយខ្លួនកំពុងតាមដានស្ថានការណ៍នៅអ៊ុយក្រែន យ៉ាងដិតដល់បំផុត។ ក្រសួងការបរទេសកាណាដា បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យ ទី៣០ ខែមករា ថា «អាទិភាពជួរមុខរបស់យើង គឺការធានាសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋកាណាដា។ មន្ត្រីរបស់យើងត្រៀមខ្លួនជានិច្ច ក្នុងការផ្តល់ជំនួយដល់ពលរដ្ឋកាណាដា តាមរយៈស្ថានទូត-កុងស៊ុលរបស់យើង ប្រចាំនៅអ៊ុយក្រែន»។
គួរបញ្ជាក់ថា ភាពតានតឹងនៅតែបន្តកើនឡើង ព្រោះតែកិច្ចចរចារវាងរុស្ស៊ី និងលោកខាងលិច មិនអាចឈានដល់ចំណុចរួម។ ជំហររបស់ប្រទេសរុស្ស៊ី គឺនៅតែរក្សាដដែល ដោយទីក្រុងម៉ូស្គូចង់ឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ធានាឲ្យបានច្បាស់លាស់ថា អ៊ុយក្រែននឹងគ្មានថ្ងៃក្លាយជា ប្រទេសសមាជិកមួយរបស់អង្គការ NATO ជាដាច់ខាត ព្រោះវានឹងក្លាយជាការគំរាមកំហែងដោយផ្ទាល់ ចំពោះសន្តិសុខរុស្ស៊ី។ តែយ៉ាងណា សហរដ្ឋអាមេរិកបានបដិសេធរួចទៅហើយ ចំពោះការទាមទារបែបនេះ៕