បាល់ទាត់៖ ក្លិប Aston Villa បានសំរេចក្នុងការចុះហត្ថលេខានាំយកខ្សែការពារ Arsenal, Callum Chambers ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបង្ហាញខ្លួនបានតែ ៥ប្រកួតប៉ុណ្ណោះឱ្យ Arsenal រដូវកាលនេះ ខណៈកិច្ចសន្យារបស់គេនឹងអស់សុពលភាពជាមួយក្លិបនៅទីក្រុងឡុងដ៍មួយនេះនៅដំណាច់រដូវកាលនេះ តែការផ្លាស់មកកាន់ Aston Villa នេះក៏មានតម្លៃផ្ទេរដែរ។
Callum Chambers បាននៅជាមួយ Arsenal តាំងពីឆ្នាំ២០១៤ ផ្ទេរពី Southampton។ ការមកដល់របស់ Chambers គឺមកបំពេញតំណែងរបស់ Alex Tuanzebe ដែលចប់កិច្ចសន្យាខ្ចីខែមុនពី Manchester United និងបានចាកចេញទៅកាន់ក្លិបអ៊ីតាលី Napoli។ Callum Chambers បានក្លាយជាកីឡាករទី៤ ហើយដែលមកដល់ Villa Park ក្រោមការដឹកនាំរបស់ Steven Gerrard បន្ទាប់ពី Philippe Countinho ខ្ចីពី Barcelona ខ្សែការពារ Lucas Digne ទិញពី Everton តម្លៃ ២៥លានផោន និងអ្នកចាំទី Robin Olsen ខ្ចីពី AS Roma៕