ប៉ូឡូញ៖ ប៉ូឡូញបានចាប់ផ្តើមសាងសង់ជញ្ជាំងតម្លៃ ៣៩៤លានដុល្លារនៅព្រំដែនភាគខាងកើតរបស់ខ្លួនក្នុងគោលបំណងរារាំងជនអន្តោប្រវេសន៍ ដែលបានរុញចូលមកដោយប្រទេសបេឡារុស្ស ជាអ្វីដែលសហភាពអឺរ៉ុបចាត់ទុកថា ការវាយប្រហារពីការឆ្លងដែនខុសច្បាប់ចូលមកក្នុងទឹកដីសហភាពអឺរ៉ុប។
សម្ពាធពីជនអន្តោប្រវេសន៍រាប់ពាន់នាក់មកពីមជ្ឈិមបូព៌ា និងអាហ្វ្រិកលើព្រំដែនព្រៃរបស់ប្រទេសប៉ូឡូញ និងលីទុយអានីជាមួយប្រទេសបេឡារុស្សបានចាប់ផ្តើមកាលពីរដូវក្តៅ ដែលនាំទៅដល់ការប៉ះទង្គិចជាមួយឆ្មាំព្រំដែនប្រទេសប៉ូឡូញ។ ប៉ូឡូញបានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារុស្សដោយប្រើខ្សែលួសបន្លា និងបង្កើនចំនួនឆ្មាំការពារ។ ជនអន្តោប្រវេសន៍ភាគច្រើនធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។ សហភាពអឺរ៉ុបនិយាយថា ជនអន្តោប្រវេសន៍កំពុងត្រូវបានប្រើប្រាស់ដោយមេដឹកនាំផ្តាច់ការរបស់ប្រទេសបេឡារុស ដើម្បីធ្វើឲ្យមានអស្ថិរភាពក្នុងប្លុកដែលមានសមាជិក ២៧ប្រទេសក្នុងការសងសឹកចំពោះការដាក់ទណ្ឌកម្ម របស់បស្ចិមប្រទេសទៅលើទីក្រុង Minsk បន្ទាប់ពីការបោះឆ្នោតដែលអន្តរជាតិចាត់ទុកថាជាការក្លែងបន្លំ និងការគៀបសង្កត់លើអ្នកប្រឆាំង។
យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ចំនួន ១២នាក់បានស្លាប់នៅក្នុងព្រៃនៅតំបន់ព្រំដែន ហើយស្ថានភាពកាន់តែអាក្រក់ទៅៗនៅក្នុងសីតុណ្ហភាពរដូវរងាត្រជាក់ខ្លាំង។ ជញ្ជាំងដែកកម្ពស់ ៥.៥ម៉ែត្ររបស់ប្រទេសប៉ូឡូញមានលួសបន្លាប្រវែងជាង ១៨០គីឡូម៉ែត្រតាមបណ្តោយដីគោកព្រំដែនជាមួយបេឡារុស្ស ដែលរួមបញ្ចូលទន្លេ Bug ជាព្រំដែនដែលការសាងសង់នឹងត្រូវបញ្ចប់នៅខែមិថុនា។ ការសាងសង់នេះធ្វើឡើងក្នុងពេលដែលបណ្តាប្រទេសនៅអឺរ៉ុប កំពុងពិភាក្សាគ្នាក្នុងការបង្កើនការការពារព្រំដែនពីខាងក្រៅ។ ក្រុមអ្នករិះគន់ និងអ្នកការពារបរិស្ថានបាននិយាយថា ជញ្ជាំងនេះមិនអាចបញ្ឈប់ជនអន្តោប្រវេសន៍បាននោះទេ ប៉ុន្តែវានឹងធ្វើឲ្យដីព្រៃរងការប៉ះពាល់៕