(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ ដែលគ្រោងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានលើកពេលបន្តទៀត ដោយមិនទាន់អាចកំណត់ថ្ងៃបាន ដោយសារបញ្ហាព្យុះព្រិល។
លោកស្រី យក់ សម្បត្តិ បានប្រាប់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ លោកស្រីទើបទទួលបានព័ត៌មានពីប្រទេសប៉ូឡូញមកថា វ៉ាក់សាំងមិនអាចដឹកចេញមកបានទេនៅថ្ងៃនេះ ដោយសារព្រិលធ្លាក់ខ្លាំងយន្តហោះមិនអាចហោះបាន។
បើតាមលោកស្រី យក់ សម្បត្តិ, អាជ្ញាធរប៉ូឡូញឱ្យរង់ចាំរហូតដល់ថ្ងៃទី២៩ ខែមករា ប្រសិនបើអាកាសធាតុល្អប្រសើរវ៉ាក់សាំងនឹងត្រូវដឹកចេញមកកម្ពុជា។ លោកស្រី យក់ សម្បត្តិ មិនទាន់អាចបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការរៀបចំពិធីប្រគល់ និងទទួលវ៉ាក់សាំងនេះនៅឡើយទេ។ ប្រសិនបើមានការវិវឌ្ឍយ៉ាងណា លោកស្រី នឹងជូនព័ត៌មានជាបន្តទៀត។
សូមបញ្ជាក់ថា ប្រទេសប៉ូឡូញ បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៣០ម៉ឺនដូសដល់ប្រទេសកម្ពុជា។ តាមការរៀបចំវ៉ាក់សាំង នឹងត្រូវដឹកមកដល់ថ្ងៃទី២៥ ខែមករា តែព្យុះព្រិលនៅក្នុងប្រទេសតួកគី ទីដែលត្រូវដឹកវ៉ាក់សាំងចេញមកកម្ពុជានោះ បានរំខានដល់ការហោះទើបនាំឱ្យមានការលើកពេលជាបន្តបន្ទាប់៕