ស្នូកឃ័រ៖ កីឡាករស្នូកឃ័រ Hossein Vafaei បានក្លាយជាកីឡាករអ៊ីរ៉ង់ដំបូងដែលគ្រងជើងឯកកម្មវិធី Ranking របស់ស្នូកឃ័របន្ទាប់ពីយកឈ្នះជើងចាស់ Mark Williams នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Snooker Shoot Out។
កីឡាករវ័យ ២៧ឆ្នាំរូបនេះបានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រក្រោយវាយមួយឈើបាន ៧១ពិន្ទុ និងបានឧទ្ទិសជ័យជំនះរបស់ខ្លួនទៅកាន់លោកយាយរបស់ខ្លួន។ ជើងឯក Snooker Shoot Out នេះ Hossein Vafaei ទទួលបានប្រាក់រង្វាន់ ៥ម៉ឺនផោន ខណៈ Mark Williams ដែលជាអតីតជើងឯកស្នូកឃ័រពិភពលោក ៣សម័យនោះទទួលបាន ២ម៉ឺនផោន។ សូមបញ្ជាក់ថា ការប្រកួត Snooker Shoot Out ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩០ ជាការប្រកួតចាញ់ធ្លាក់លេងតែ ១ហ្វ្រេមប៉ុណ្ណោះ។ ក្នុងមួយហ្វ្រេមកីឡាករទាំងពីរមានពេលប្រកួតតែ ១០នាទីប៉ុណ្ណោះដោយក្នុងនោះ ៥នាទីដំបូងកីឡាករមានពេលគិត និងត្រូវវាយ ១៥វិនាទី ខណៈ ៥នាទីចុងក្រោយមានពេលគិតត្រឹម ១០វិនាទី៕