(ភ្នំពេញ)៖ រថយន្តពន្លត់អគ្គិភ័យ ចំនួន៤ គ្រឿង ក្នុងគម្រោងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្តល់រថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ)។
ពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួច ចំនួន ៤ គ្រឿងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យកណ្តាលនគរបាលអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវអំណោយ ជារថយន្តពន្លត់អគ្គិភ័យ និងការបណ្ដុះបណ្ដាលបច្ចេកទេស ជូនដល់អង្គភាពជំនាញ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលនេះមិនត្រឹមតែបានគាំទ្រដល់ការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពពន្លត់ អគ្គិភ័យក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ (កម្ពុជា-ជប៉ុន) ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថិរគង់វង្សជានិច្ចនិរន្តរ៍។
លោកបន្តថា គ្រោះអគ្គិភ័យបានបង្កនូវវិនាសកម្ម ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងធ្វើឱ្យខូចខាតទ្រព្យ សម្បត្តិរដ្ឋ និងឯកជនជាច្រើន ហើយក្នុងពេលប្រតិបត្តិការ កងកម្លាំងពន្លត់អគ្គិភ័យក៏បានជូបប្រទៈនូវភាពស្មុគស្មាញ ប្រឈមទៅនឹងការលំបាកទាំងបច្ចេកទេស និងសមត្ថភាពជំនាញឯកទេស ជាពិសេសភាពប្រថុយប្រថានខ្ពស់ទៅនឹង គ្រោះថ្នាក់ដល់អាយុជីវិត ថែមទៀតផង។
បើផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ សភាពការណ៍គ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ បានកើតមានឡើង ចំនួន ១៣០ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២ នាក់, របួសចំនួន ២៣ នាក់ និងបានបណ្ដាលឱ្យខូចខាតទ្រព្យ សម្បត្តិ ដូចជា ឆេះផ្ទះ ២៨ ខ្នង, ឃ្លាំង-រោចក្រ ១០ កន្លែង, បន្ទប់ស្នាក់នៅ ៣៦ បន្ទប់, រថយន្ត ៣៦ គ្រឿង, យានយន្ត គ្រឿងចក្រ និងសម្ភារៈបរិក្ខារមានតម្លៃជាច្រើនទៀត។
លោកអភិបាលបន្តថា ស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន មានវត្តមានទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ខុនដូ និងផ្សារទំនើប ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នោះ ភ្នំពេញក៏កំពុងប្រឈមទៅនឹងបញ្ហាថ្មី១ លើការងារបង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានចំពោះសំណង់អគារខ្ពស់ៗ និង បណ្តាអាជីវកម្មដ្ឋានងាយឆាបឆេះ។ ដូច្នេះការផ្ដល់នូវជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យដែលមានសមត្ថភាព របស់មិត្តជប៉ុន សម្រាប់ការងារនេះ គឺពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងទីក្រុង បានទាន់ពេលវេលា និងកាន់តែប្រសើរឡើង។
រថយន្តពន្លត់អគ្គិភ័យ ដែលមិត្តជប៉ុន បានផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ ជាប្រភេទរថយន្ត ពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច ក្រោមហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន នៃគម្រោងតូសាណូណិ ដែលមានចំនួនសរុប ៤ គ្រឿង ក្នុងនោះ រួមមានរថយន្តបូមទឹកពន្លត់អគ្គិភ័យចំនួន ២ គ្រឿង, រថយន្តពន្លត់អគ្គិភ័យបំពាក់ដោយសារធាតុគីមីចំនួន ១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយជណ្តើរកម្ពស់ ៤០ ម៉ែត្រ ចំនួន ១ គ្រឿង ដែលរថយន្តទាំងនេះនឹងចូលរួមគាំទ្រ បង្កើនសមត្ថភាព និងសម្រួលដល់ការបំពេញភារកិច្ចរបស់កងកម្លាំងពន្លត់អគ្គិភ័យ កាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងផងដែរថា រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿងនេះ បានបរិច្ចាគដោយរដ្ឋាភិបាលក្នុងស្រុកនៃប្រទេសជប៉ុន តាមរយៈជំនួយឥតសំណងគម្រោងគូសាណូណិ ដោយមានកិច្ចសហប្រតិបត្តិការពី អង្គការ Society for Promotion of Japanese Diplomacy ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ រថយន្តពន្លត់អគ្គិភ័យ នឹងអាចអនុវត្តការសង្គ្រោះ និងឆ្លើយតបបន្ទាន់ទៅនឹងអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ។
លោកបន្តថា គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវ សុវត្ថិភាព និងជួយការពារទ្