បាល់ទាត់៖ ក្លិបអង្គរថាយហ្គឺរបានប្រកាសនាំចូលកីឡាករបរទេសថ្មីម្នាក់ទៀតហើយ គឺខ្សែប្រយុទ្ធសញ្ជាតិអៀកឡង់ Jozsef Keaveny អតីតយុវជនថ្នាលក្លិប Leicester City ហើយកីឡាករវ័យ ២២ឆ្នាំរូបនេះក៏អន្ទះសាចង់លេងផងដែរ បន្ទាប់ពីបានមកប្រកបអាជីពលើកដំបូងនៅកម្ពុជា។ Jozsef Keaveny បានសម្ដែងការសប្បាយចិត្ត ក្រោយបានចូលរួមជាមួយក្រុមអង្គរថាយហ្គឺរ ហើយការចូលរួមនេះគឺតាមរយៈគ្រូបង្វឹកលោក Alistair Heath ដែលជាអតីតគ្រូបង្វឹកក្រុមយុវជនថ្នាលក្លិប Liecester City ដូចគ្នា។
Jozsef ថា ក្រោយឆ្លងកាត់ការហ្វឹកហាត់ប៉ុន្មានថ្ងៃមកនេះ អ្វីៗបានដំណើរការទៅយ៉ាងល្អ និងរីករាយ ដែលនាំឲ្យគេចង់លេងចំពោះមុខក្រុមអ្នកគាំទ្រ Tiger Army ហើយប្ដេជ្ញាស្វែងរកគ្រាប់បាល់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម នាំក្រុមស្វែងរកជ័យជម្នះសម្រាប់អ្នកគាំទ្រទៀតផង។ អតីតសមាជិកក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំអៀកឡង់រូបនេះបានបញ្ជាក់ថា ខ្លួនបានចុះកុងត្រាជាមួយក្រុមយុវជនថ្នាល Leicester City តាំងពីអាយុ ១០ឆ្នាំ ហើយខ្លួនបានចំណាយពេលជិត ១០ឆ្នាំនៅទីនោះចាប់ពីថ្ងៃទី២០០៩ ដល់ថ្ងៃទី២០១៩ ដែលនាំឲ្យគេទទួលបានបទពិសោធន៍ និងរៀនសូត្របានច្រើននៅទីនោះ ពិសេសឆ្នាំដែលក្លិប Leicester City ឈ្នះ Premiere League និងឈ្នះ Tournament នៅបារាំងកាលពីឆ្នាំ២០១៥ ក៏ Jozsef បានចូលរួមហ្វឹកហាត់ជាមួយក្រុមធំដែរ មុនខ្លួនលេង ១រដូវកាលពេញនៅស្រុកកំណើតកាលពីឆ្នាំ២០២១ កន្លងទៅ។
សូមបញ្ជាក់ថា Jozsef Keaveny គឺជាកីឡាករបរទេសចំណូលថ្មីទី២ ដែលអង្គរថាយហ្គឺរបាននាំចូលត្រៀមរដូវកាលថ្មី បន្ទាប់ពីកីឡាករជប៉ុន Soh Narita បន្ថែមលើខ្សែប្រយុទ្ធប្រេស៊ីល Iago Bento ដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ បានប្រកាសបន្ដកុងត្រាកាលពីថ្មីៗ។ បន្ថែមលើនេះអង្គរថាយហ្គឺរក៏បាននាំចូល និងជ្រើសរើសកីឡាករថ្មីៗមួយចំនួនដើម្បីត្រៀមរដូវកាលថ្មី ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាដើមខែមីនា ឆ្នាំ២០២២ ខាងមុខផងដែរ៕