តុងហ្គា៖ អង្គការសហប្រជាជាតិនិយាយថា មនុស្សចំនួន ៦ម៉ឺននាក់បានរងផលប៉ះពាល់ដោយខូចខាតដំណាំ សត្វចិញ្ចឹម និងការនេសាទដោយសារការធ្លាក់កម្ទេចផេះ ការហូរចូលទឹកប្រៃចេញពីសមុទ្រ និងភ្លៀងធ្លាក់មានជាតិអាស៊ីត។
នាវា និងយន្តហោះដឹកជំនួយជាច្រើនគ្រឿងគ្រោងនឹងទៅដល់ ក្នុងប្រទេសកោះតុងហ្គាក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ខណៈសហគមន៍អន្តរជាតិបានឆ្លើយតបទៅនឹងការអំពាវនាវសុំជំនួយបន្ទាន់ ពីប្រទេសកោះស្ថិតក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ក្រោយការផ្ទុះភ្នំភ្លើងនឹងបង្កជារលកយក្សស៊ូណាមិដ៏មហន្តរាយ។ នាវាដឹកជំនួយមួយគ្រឿងរបស់កងអង្គភាពម៉ារីន HMNZS Aotearoa របស់ប្រទេសនូវែលហ្សេឡង់ដែលកំពុងដឹកជញ្ជូនទឹកស្អាតចំនួន ២៥០,០០០លីត្រ និងអាចផលិតទឹកបាន ៧០,០០០លីត្រក្នុងមួយថ្ងៃដោយប្រើម៉ាស៊ីនផលិតរបស់ខ្លួន ត្រូវគេរំពឹងថានឹងទៅដល់ប្រទេសតុងហ្គានៅថ្ងៃសុក្រនេះ។
ជើងហោះហើរដំបូងមកពីប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់បានចុះចតក្នុងប្រទេសតុងហ្គាកាលពីថ្ងៃព្រហស្បតិ៍ ដែលផ្ទុកសម្ភារៈផ្គត់ផ្គង់ចាំបាច់ជាច្រើនដូចជាទឹកស្អាត សម្ភារៈសម្រាប់អនាម័យប្រចាំថ្ងៃ ព្រមទាំងជម្រកបណ្ដោះអាសន្ន ឧបករណ៍ទំនាក់ទំនង និងម៉ាស៊ីនភ្លើងជាដើម។ យោងតាមការឲ្យដឹងពីក្រុមមន្ត្រីការពារជាតិមួយរូបដែលបាននិយាយនៅថ្ងៃសុក្រនេះ ជើងហោះហើរដឹកជំនួយមួយគ្រឿងរបស់អូស្ត្រាលីត្រូវបានបង្ខំឲ្យវិលត្រឡប់ក្រោយវិញ ដោយសារមានករណីវិជ្ជមានវីរុស COVID-19 នៅលើយន្តហោះ៕