(ហុងកុង)៖ សកម្មជនប្រជាធិបតេយ្យហុងកុងលោក ចូហ័រ វ៉ុង (Joshua Wong) ជឿជាក់ខ្លួនឯងថា លោកនឹងក្លាយជាគោលដៅសំខាន់របស់ទីក្រុងប៉េកាំង
ដែលមានគំរោងក្នុងការដាក់ចេញនូវច្បាប់សន្តិសុខជាតិថ្មី ដែលក្រុមអ្នករិះគន់បានសំដែងពីការព្រួយបារម្ភ លើការបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។
ច្បាប់ថ្មីដែលគ្រោងនឹងអនុម័តនេះ គឺដើម្បីដោះស្រាយបញ្ហាក្រុមជ្រុលនិយមចង់បំបែកខ្លួន, ចលនាផ្តួលរំលំរដ្ឋាភិបាល, អំពើភេរវកម្ម និងការគុបគិតជាមួយពួកបរទេស។ ប៉ុន្តែច្បាប់ថ្មីមិនបានបញ្ជាក់ឲ្យប្រាកដថា តើសកម្មភាពអ្វីខ្លះដែលអាចចាត់ទុកថាជា ការបំពាន និង ត្រូវដាក់ទណ្ឌកម្មបែបណានោះទេ។
លោក វ៉ុង បានបង្កើតនិងប្រមូលផ្តុំក្រុមចលនាគាំទ្រប្រជាធិបតេយ្យរបស់ហុងកុង នៅក្រៅប្រទេស និងបានជួបជាមួយអ្នកនយោបាយនៅសហរដ្ឋអាមេរិក និងអឺរ៉ុបដែលសកម្មភាពនេះ បានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំងហើយបានចាត់ទុកថាលោកគឺជា «ដៃខ្មៅ»របស់ពួកបរទេស។
នៅក្នុងបទសម្ភាន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោក វ៉ុង បាននិយាយថា «ខ្ញុំប្រាកដថា ខ្ញុំនឹងក្លាយជាគោលដៅនៃច្បាប់ថ្មីនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ័យខ្លាច មិនមែនជាការជាប់ពន្ធនាគារនោះទេ តែជាភាពអាប់អួរនៃច្បាប់ថ្មីនេះ ដែលនឹងក្លាយជាការគំរាមកំហែង ដល់អនាគតរបស់ទីក្រុងហុងកុងទាំងមូល។ លោកបានបន្ថែមទៀតថា ខ្ញុំសូមអំពាវនាវឲ្យពិភពលោកឈរជាមួយប្រជាជនហុងកុង និងដាក់សម្ពាធឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ដកច្បាប់ថ្មីនេះចេញ»។
ក្រុមអ្នកសារព័ត៌មាន ក្រុមសិទ្ធិមនុស្ស អង្គការក្រៅរដ្ឋាភិបាល និងជនបរទេសអាចនឹងក្លាយជាជនគ្រោះនៃច្បាប់ថ្មីនេះ ដោយសារតែរាល់ការបញ្ចេញមតិ ដែលមានបំណងប្រឆាំងនឹងរដ្ឋាភិបាលចិន អាចត្រូវបានចោទប្រកាន់ពីបទញុះញង់។ សេចក្តីព្រាងច្បាប់ថ្មីនេះ បានធ្វើឲ្យមានការព្រួយបារម្ភដល់រដ្ឋាភិបាលបរទេស និងសកម្មជនប្រជាធិបតេយ្យហុងកុង ដែលបានចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងមានគំរោង នឹងលុបបំបាត់ស្វ័យភាពរបស់ប្រជាជនហុងកុង ដែលខ្លួនបានសន្យាជាមួយអតីតអាណានិគមអង់គ្លេស មុនពេលប្រគល់ទៅឲ្យប្រទេសចិនវិញនៅឆ្នាំ១៩៩៧។
គួរបញ្ជាក់តាមប្រទេសចិនបានអះអាងថា ច្បាប់សន្តិសុខជាតិថ្មីនេះ នឹងផ្តោតទៅលើក្រុមមនុស្សមួយចំនួនតូចតែប៉ុណ្ណោះ ហើយអ្នកដែលគោរពតាមច្បាប់ គ្មានហេតុផលណាមួយដែលត្រូវព្រួយបារម្ភនោះទេ។ សភាចិនត្រូវបានគេរំពឹងថា នឹងធ្វើការអនុម័តច្បាប់ថ្មីនេះ ដែលគ្រោងនឹងសម្រេចក្នុងកិច្ចប្រជុំនៅថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ខែមិថុនា ខាងមុននេះ៕